Home »
Proverb
» ស្ត្រីមានលក្ខណ៍ឬស្រីគ្រប់លក្ខណ៍តាមរយៈអក្សរសិល្បិ៍ខ្មែរ
ស្ត្រីមានលក្ខណ៍ឬស្រីគ្រប់លក្ខណ៍តាមរយៈអក្សរសិល្បិ៍ខ្មែរ
បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថាស្ត្រីគ្រប់លក្ខណ៍មានន័យថា “ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ” ។
តាមច្បាប់ស្រីរបស់បណ្ឌិត ម៉ឺន មៃ លោកពុំបានកំណត់ថាស្ត្រីគ្រប់លក្ខណ៍ត្រូវមានលក្ខណៈល្អប៉ុន្មានប្រការទេប៉ុន្តែលោកបានហៅស្ត្រីខាតលក្ខណ៍ចំពោះនារីណាដែលពុំមានចរិយាល្អក្នុងឥរិយាបទដេក, ដើរ, ឈរ, អង្គុយ ឬបង្ហាញ ប្ញកដាក់ប្រុសៗហើយប្រុសៗបានចិត្តហ៊ានលូកលាន់រូបរាងកាយ ។ក្រៅពីនេះលោកបណ្ឌិតបានដាក់ចេញនូវក្រមសីលធម៌ដ៏តឹងរ៉ឹងសម្រាប់ស្រីអំពីការថែរក្សាភ្នក់ភ្លើងទាំងបីគឺ៖
“ភ្លើងក្រៅកុំនាំទៅក្នុង ឱ្យឆេះរីកធំផ្តុំបង្កាត់ភ្លើងក្នុងមិនប្រុងប្រយ័ត្ន នាំមកបង្កាត់ឱ្យឆេះឯក្រៅអុជ-អាលបណ្តាលឱ្យក្តៅ ដាលដល់កូនចៅអសោចិ៍អប្រិយ” ។
“ភ្លើងមួយនោះរក្សា គឺគុណមាតាបិតាសួនគ្រង ឱ្យនាងធ្វើដោយគន្លងប្រតិបត្តិកុំឆ្គងនឹងឪពុកម្តាយ ភ្លើងមួយកុំបែងក្រឡាគឺប្តីអាត្មាស្ថិតស្ថេររួមរ័ក្ស” ។
ដូច្នេះភ្នក់ភ្លើងទាំងបីនោះគឺ
ទី១- ភ្លើងក្រៅ ភ្លើងក្នុងពោលគឺស្រីត្រូវប្រុងប្រយ័ត្នរវាងញាតិសណ្តាននៅក្រៅផ្ទះ និងមនុស្សក្នុងផ្ទះចៀសវាងនាំពាក្យមិនល្អចុះឡើង ដែលបណ្តាលនាំឱ្យកើតជម្លោះបែកបាក់ហើយដែលលោកចាត់ទុកជាភ្នក់ភ្លើងមួយ ។
ទី២- ការយកចិត្តទុកដាក់ផ្គាប់ផ្គុនសងគុណឪពុកម្តាយទាំងសងខាងក៏ជាប្រភពនៃសុភមង្គលមួយក្នុងរង្វង់គ្រួសារដែរព្រោះការខ្វះភាពកក់ក្តៅពីឪពុកម្តាយ ឬឪពុកម្តាយក្មេកក៏ជាភ្នក់ភ្លើងមួយអាចឆាបឆេះសុភមង្គលគ្រួសារបានដែរ ។
ទី៣- ត្រូវយកចិត្តទុកដាក់ប្រណិបត្តន៍ប្តីដែលជាកត្តាសំខាន់បំផុត ក្នុងសុភមង្គលគ្រួសារ ។
យើងមិនអាចបដិសេធបានទេសម័យកាលណាក៏ដោយលក្ខណៈល្អរបស់ស្ត្រីនៅត្រង់ចំណុចទាំងនេះដែលជាបញ្ហាធ្វើ ឱ្យមានការយោគយល់គ្នាក្នុងគ្រួសារ ក្នុងសង្គមព្រោះការប្រុងប្រយ័ត្ននេះធ្វើឱ្យមានសេចក្តីសុខជានិរន្តរ៍ ។ ប៉ុន្តែអ្វីដែលគួរពិចារណានោះត្រង់ថាតើបុរសវិញមិនចាំបាច់រក្សាភ្នក់ភ្លើងទាំងបីទេឬ? ហេតុដូចម្តេចក៏បុរាណលោកប្រដៅតែស្ត្រី?
ការបែងចែកតួនាទីក្នុងផ្ទះមកឱ្យស្ត្រីបែបនេះ គឺជាជំរើសមួយហើយក្រៅពីនេះគួរឱ្យកោតសរសើរណាស់ដែរត្រង់ថាក្រៅពីប្រដៅស្រីឱ្យខំរៀនច្បាប់ស្រី, រៀនត្បាញរវៃឆ្លៀតឱកាសជួយសេដ្ឋកិច្ចគ្រួសារហើយបើមើលទៅច្បាប់ប្រុសវិញនោះយើងឃើញ ថាលោកបណ្ឌិតមៃក៏មិនបន្ធូរដៃឱ្យបុរសដែរលោកបានប្រដៅបុរសឱ្យស្ទុះស្ទារធ្វើការងារក្រៅផ្ទះ ក្នុងផ្ទះសព្វសារពើសមល្មមឱ្យភរិយាគោរពប្រណិបត្តិន៍ប្តីបានដែរ ព្រោះបើតាមច្បាប់ប្រុសនោះប្តីល្អមិនធ្វើឱ្យ ខុសចិត្តប្រពន្ធឡើយរាល់កិច្ចការរបស់ខ្លួនត្រូវបំពេញមិនបាច់ប្រពន្ធដាស់តឿនទេ ។លោកក៏ប្រដៅបុរសឱ្យសួរចិត្តប្រពន្ធក្នុងការចាយវាយទ្រព្យរបស់ថែមទាំងឱ្យប្រុងប្រយ័ត្ននឹងចម្កួតទាំងបីគឺឆ្កួតស្រី, ឆ្កួតស្រា, ឆ្កួតល្បែងពាលា ផងដែរ ។
និយាយរួមបណ្ឌិតមៃ ក៏បានប្រដៅប្រុសៗឱ្យខ្លួនប្រុសគ្រប់លក្ខណ៍ដែរគ្រាន់តែការបែងចែកថា អ្វីជាលក្ខណ៍ស្ត្រី និងអ្វីជាលក្ខណ៍បុរសតែប៉ុណ្ណោះហើយនេះក៏ប្រហែលមកពីសម័យកាលនោះមនុស្សកំពុងប្រយុទ្ធនឹងជីវិតធម្មជាតិជីវិតរស់នៅបែបនោះ វាទាមទារឱ្យប្រុសត្រូវតែចេញទៅធ្វើការនៅវាលហើយស្រីដោយនៅជាប់កូនចៅច្រើនមួយហើយមួយទៀតព្រោះសង្គមយើងមិនទាន់យល់ដឹងពីការពន្យារកំណើតបានជាលោកមើលឃើញថាលក្ខណៈល្អប្រសើររបស់ស្ត្រីនោះ គឺត្រូវនៅផ្ទះថែរក្សាកូននិងចេះឆ្លៀតឱកាសធ្វើកិច្ចការក្នុងផ្ទះឱ្យបានប្រពៃនោះ វាជាលក្ខណៈខ្ពង់ខ្ពស់មួយរបស់ស្ត្រីទៅហើយ ។
នៅក្នុងសៀវភៅជីវិតអាពាហ៍ពិពាហ៍របស់ឥន្ទបញ្ញាភិក្ខុ ហេង មណីចិន្តាលោកបាននិយាយពីភរិយាគ្រប់លក្ខណ៍ត្រង់កម្លាំងទី៥របស់ស្ត្រីនៅទំព័រទី៤ថា“កម្លាំងសីលធម៌គឺការប្រព្រឹត្តិល្អក្នុងបែបបទសីលធម៌ក្នុងឋានៈជាភរិយា គ្រប់លក្ខណ៍ទន់ភ្លន់ សុភាពរាបសា ស្គាល់ខុសស្គាល់ត្រូវ” ។
តាមលោក មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់បាននិយាយថា “ខ្មែរឱ្យតម្លៃទៅលើលក្ខណ៍សម្រាប់ជាគ្រឿងលម្អដល់កូនស្រី ។ដើម្បីបានលក្ខណ៍ ឬបានឋានៈជាស្រីគ្រប់លក្ខណ៍ខ្មែរនិយមបញ្ចូលកូនក្នុងពិធីមួយហៅថា “ពិធីចូលម្លប់” រយៈពី៣ខែទៅ៦-៩ខែទៅមួយឆ្នាំ គេទទួលផលបានលក្ខណ៍បីយ៉ាង៖១-រូបលក្ខណ៍, ២-ចរិយាលក្ខណ៍, ៣-សមត្ថភាពលក្ខណ៍ ។
ទី១៖ រូបលក្ខណ៍មានន័យថាបន្ទុំសម្បុររូបរាងកាយឱ្យល្អផូរផង់នៅក្នុងម្លប់សម្រាកសុខស្រួលពុំមានប្រកបកិច្ចការធ្ងន់ស្រាលអ្វីឡើយ ។បរិភោគអាហារបួសនៅរាល់ថ្ងៃមករដូវ ញ៉ាំងឱ្យមានសុខភាពកាន់តែល្អព្រមជាមួយនឹងសម្រស់កាន់តែស្រស់ស្អាត ។
ទី២៖ ចរិយាលក្ខណ៍ គឺជាពេលអប់រំសីលធម៌រស់នៅឱ្យបានសុភាពរាបសា, ទន់ភ្លន់ស័ក្តិសមជាកូនស្រី, ភរិយា, ជាមាតាល្អរបស់ខ្មែរ ។
ទី៣- សមត្ថភាពលក្ខណ៍គឺជាពេលបំប៉នឲ្យចេះសព្វកិច្ចការមេផ្ទះ ដាំស្ល ត្បាញរវៃ...៘
ក្នុងរឿងផ្កាស្រពោនរបស់លោក នូ ហាច លក្ខណសម្បត្តិល្អរបស់នាងវិធាវីបានត្រូវរងសម្ពាធតឹងរ៉ឹងបែបប្រពៃណីខាងលើនេះយ៉ាងឥតខ្ចោះទើបបានជានាងសុខចិត្តខាំមាត់សង្កត់ចិត្តគោរពម្តាយឲ្យបានផង ហើយក៏ត្រូវតែរក្សាភក្តីភាពស្នេហាឱ្យបានដែរ ។
សម្ពាធប្រពៃណីនេះ ធ្វើឱ្យនាងខ្លាចពាក្យតិះដៀលថា ជាស្រីខាតលក្ខណ៍, ជាបុត្រីអកត្តញ្ញូ, ជាសង្សារសាវាស៊ូខាំមាត់អត់ទ្រាំចម្បាំងក្នុងឱរារហូតក្អួតឈាមស្លាប់ ។ នាងខ្សឹកខ្សួលតែនឹងហាមាត់ជម្រាបម្តាយតាមយោបល់នេះ ពុំរួច ដោយនាងជាយុវតីស្រគត់ស្រគំធ្លាប់មានកិរិយាមាយាទតាមលំអានទំនៀមទម្លាប់បុរាណចាស់ទុំជានិច្ច ។ នាងមានសេចក្តីអៀនខ្មាសច្រើនមិនហ៊ានចរចាពីសេចក្តីស្នេហាសោះ ឡើយប្រការមួយទៀតនាងគិតឃើញថា សម័យនេះហួសឱកាសទៅហើយទោះនាងប្រកែករឹងរូសដូចម្តេចក៏មុខជាយាយនួនគាត់បែរសម្តីថាទេវិញមិនខានឡើយ ។
ក្នុងរឿង“មហោសថ” ព្រះមហោសថជាបុរសរើសប្រពន្ធ លុះបានជួបនឹងនាងអមរាមហោសថបានចោទជាប្រស្នាជាច្រើនសារស្វែងយល់ថាអមរាជាស្រីមានបញ្ញាលើសលប់នោះ ទើបគាត់ស្តីដណ្តឹងជាភរិយា ហើយក្រោយមកនៅពេលដែលអាចារ្យចិត្តខ្មៅ៤រូបប៉ងបំបែកបំបាក់នាងពីព្រះមហោសថដើម្បីយាយីរំលោភបំពានលើរាងកាយនាងនាងក៏បានរកវិធីធ្វើគន្លឹះយន្តផ្ចាញ់អាចារ្យទាំង៤នោះឱ្យដល់នូវក្តីវិនាស។
ក្នុងរឿង “ចៅស្រទបចេក” នាងកេសមាលាបានសុំពរពីព្រះរាជាឱ្យនាងមានមាត់ទិព្វក្នុងការធ្វើជាសាក្សីឱ្យចៅស្រទបចេកដែលត្រូវសេដ្ឋីឪពុកនាងធ្វើបាប ។ការសុំពរនេះជាប្រាជ្ញាដ៏វាងវៃ ដែលធ្វើឱ្យនាងរក្សាបាននូវចិត្តភក្តីចំពោះចៅស្រទបចេកជាសង្សារផង និងការសង្គ្រោះឪពុកនាងចេញពីទោសឧក្រិដ្ឋផង។
រួមសេចក្តីមកតាមរយៈអក្សរសិល្បិ៍ខាងលើអាចឱ្យយើងសន្និដ្ឋាននិងឱ្យនិយមន័យស្រីគ្រប់លក្ខណ៍ថា“មិនមែនស្ថិតនៅលើតែកិច្ចការផ្ទះសម្បែងនិងសីលធម៌សុភាពរាបសាទន់ភ្លន់រាក់ទាក់ប៉ុណ្ណោះទេតែស្រីត្រូវប្រកបដោយការឈ្លាសវៃ, ការយល់ដឹងលើផ្នែកបច្ចេកទេស, សេដ្ឋកិច្ចកិច្ចការច្បាប់តុលាការទៀតផង ដែលជាខ្នាតលក្ខណៈបរិបូណ៌របស់ស្ត្រី ”។
លក្ខណ៍របស់បុរសស្ត្រី
តាមតម្រាបុរាណបានសរសេរថា បុរសដែលប្រកបដោយលក្ខណៈ២៦ប្រការហៅថាបុរសគ្រប់លក្ខណ៍គឺ៖១-ឧស្សាហ៍ខ្នះខ្នែងធ្វើការងាររៀនសូត្រមិនប្រកាន់ខ្លួន២-មិនចេះលួចប្លន់កេងកិបឆរបោក៣-មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ៤-មិនរំភើបញាប់ញ័រភ័យផ្តេសផ្តាស៥-មិននិយាយកុហកភូតភរឱ្យលើសពីការពិត៦-មិននិយាយត្រាប់ឱ្យគេអៀនខ្មាស៧-បានឮដំណឹងអ្វីហើយវិនិច្ឆ័យសិនទើបជឿជាក្រោយ៨-ធ្វើការងារមិនរួសរាន់ពេក៩-មិនចេះនិយាយបំផ្លើសសើចលេង១០-ចេះទទួលភ្ញៀវពន្លឺមិនរើសមុខ១១-មានថ្នាំកែរោគបម្រុងមិនខ្វះក្នុងពេលត្រូវការ១២-មិនប្រាប់ការណ៍សម្ងាត់ដល់អ្នកដទៃ១៣-មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ១៤-មានចិត្តអត់ធន់តស៊ូមិនរួញរាចំពោះកិច្ចការ១៥-មានស្វាមីភក្តិចំពោះចៅហ្វាយ១៦-មិនចេះឡិកឡក់ចំពោះស្រីក្រមុំ១៧-ស្គាល់ចំណេញស្គាល់ខាត១៨-រកប្រដាប់តុបតែងខ្លួនឱ្យភរិយាបុត្រធិតានិងខ្លួនឯង១៩-មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង២០-ដឹងគុណតបគុណសរសើរគុណនៃអ្នកមានគុណ២១-គោរពតាមឱវាទមាតា បិតា ញាតិមិត្តនិងអ្នកប្រាជ្ញ២២-ចេះអត់ទ្រាំស្តាប់នូវពាក្យដែលស្តីបន្ទោសប្រដៅ២៣-មានកាយវាចាសមរម្យមិនឆ្គង២៤-ឱ្យដំណឹងមនុស្សក្នុងផ្ទះហើយសឹមចេញទៅ២៥-ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច២៦-ខឹងឆាប់បាត់មិនចងកំហឹងទុក
ស្ត្រីដែលប្រកបលក្ខណៈ៣១ប្រការហៅថាស្ត្រីគ្រប់លក្ខណ៍គឺ៖១-មិនចេះអេចអូចនិយាយដើមគេ២-ចេះគួរសមទទួលមាតាបិតា និងស្វាមី៣-ដឹងគុណ តបគុណមាតា បិតាញាតិសណ្តានទាំងពីរខាង៤-មិនចេះដេកថៃ៥-មិនវង្វេងភ្លេចមុខភ្លេចក្រោយ៦-ចេះថែទាំរបស់ទ្រព្យ៧-មិនផិតក្បត់ស្វាមី៨-មិនចេះប្រច័ណ្ឌស្វាមី៩-គ្មានកលមាយា១០-មិនរំសាយសក់ឱ្យគេឃើញ១១-មានចិត្តអត់ធន់ធ្ងន់ធ្ងរ១២-មានជើងស្រាលមិនទន្ទ្រាំក្ឌុងក្ឌាំង១៣-មិនឈរឬអង្គុយសម្ញែងកាយឱ្យគេឃើញ១៤-មិនដើរញ៉ឹកញ៉ក់កាច់រាង១៥-ចេះសង្រួមភ្នែកមិនក្រឡេករលឹមរលាម១៦-មានដំណើរល្អ មិនគ្រលែងកាយជំទយគូទ១៧-មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ១៨-មានសំឡេងតិចច្បាស់លាស់១៩-មិនចេះឡេះឡោះលេងសើច២០-មិននិយាយផ្តោះផ្តងចំពោះបុរស២១-មិនទម្រន់ធ្វើការណាធ្វើទាល់តែហើយការនោះ២២-ទៅណាឆាប់ត្រឡប់មកវិញ២៣-ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុក២៤-ចេះរៀបចំផ្ទះសម្បែង២៥-ចេះតុបតែងគ្រឿងឧបភោគ-បរិភោគ២៦-ខ្លាចចិត្តស្វាមីមាតា បិតា ហើយគោរពតាមឱវាទ២៧-បរិភោគចំណីអាហារក្រោយមាតា បិតានិងស្វាមី២៨-ឈប់បរិភោគមុនមាតា បិតានិងស្វាមី២៩-ដេកលក់ក្រោយស្វាមី៣០-ភ្ញាក់មុនស្វាមី៣១-មានមេត្តាករុណាចេះធ្វើបុណ្យទាន
លក្ខណៈបុរស-ស្ត្រីគ្រប់លក្ខណ៍តាមតម្រាបុរាណដូចបានជម្រាបជូនខាងលើនេះបើតាមសម័យបច្ចុប្បន្នឃើញថា មានលក្ខណៈខ្លះហួសសម័យទៅហើយ ។ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ បើបុរស-ស្ត្រីណាប្រកបដោយលក្ខណៈដូចបានបរិយាយជាគោលៗមកនេះ បុរស-ស្ត្រីនោះគួររាប់ថាជាមនុស្សគ្រប់លក្ខណ៍ដោយបរិបូណ៌៕
ស្ត្រីមានលក្ខណ៍ឬស្រីគ្រប់លក្ខណ៍តាមរយៈអក្សរសិល្បិ៍ខ្មែរ
ដោយ :សាស្ត្រាចារ្យ នួន សុភ័ណ្ឌ្(ថ្ងៃទី 14 កញ្ញា 2009)
ផ្សាយដោយ http://www.cambodiaonlinenews.com/
0 comments:
Speak up your mind
Tell us what you're thinking... !