ទស្សនៈអប់រំ សីលធម៌របស់ ក្រមង៉ុយ - wat ketanak
Headlines News :
Home » , » ទស្សនៈអប់រំ សីលធម៌របស់ ក្រមង៉ុយ

ទស្សនៈអប់រំ សីលធម៌របស់ ក្រមង៉ុយ

Written By kkaba on Friday, 1 February 2013 | 21:22

ក្រមង៉ុយ
ទស្សនៈអប់រំសីលធម៌របស់ ក្រមង៉ុយ ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល ប្រទេសកម្ពុជា​។​ ហើយ​លោក​មាន​ឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ព្រះមហាក្សត្រព្រះបាទ​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ។ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក ។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន: ១- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២) ២- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២)) ៣- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១) ៤- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះជា​ស្នាដៃ​ទី​៥) ៥- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥) នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស (៤២)។ យើងដឹងហើយថា ស្នាដៃរបស់លោកក្រមង៉ុយ សុទ្ធសឹងនិពន្ធឡើងជាពាក្យកាព្យ​តែ​ប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាទ្រឹស្ដីខ្លីៗដែលបានដកស្រង់ចេញកំណាព្យអប់រំរបស់លោកៈ​ ហើយយើងសូមធ្វើការបកស្រាយដូចខាងក្រោម៖ ២.៣.៧.១ ច្បាប់ល្បើកថ្មី ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ អាងមាសអាងប្រាក់។ អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាត់ក។ អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ តទៀតទៅមុខ។ សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ កើតទាន់លោកីយ៍ លឺតែទំនុក ដំណែលអាពុក ចូរចាំគ្រប់គ្នា។ អ្នកជឿពាក្យចាស់ ជឿចាំឲ្យណាស់ កុំធ្វើបំពារ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ កុំយកខ្លួនបៀត។ ឃើញរិកគេល្អ ទោះបីមានក្រ យកគេជាញាតិ គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ សុចរិតត្រឹមត្រូវ។ រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ (៤៣)។ ការអាងទៅលើមាសប្រាក់ បុណ្យសក្តិ ទ្រព្យសម្បត្តិ ធ្វើបាបអ្នកក្រទន់ខ្សោយ អាង​ឃ្នី​គ្នា​ច្រើន​ធ្វើបាបគ្នាតិច អាងកាប់អាងចាក់ដើម្បីដោះស្រាយជម្លោះ អាង​ខ្លួន​ជាអ្នកចេះ​អ្នក​ប្រាជ្ញធ្វើបាបអ្នកល្ងង់ អាងខ្លួនជាអ្នកច្បាប់ចាប់គ្នាដាក់គុត ចាប់ប្រហារជីវិត អំពើ​ព្រៃ​ផ្សៃ​ឃោរ​ឃៅ​ អំពើអាងទាំង​នេះ លោកយល់ថាជាអំពើពុំល្អឡើយ ជាអំពើដែលសាងកិត្តិយស ​អាក្រក់សម្រាប់ពេលអនាគត និងធ្វើឲ្យប្រទេសជាតិរឹងរឹតកាន់តែអាប់អោននិងក្រលំបាក។ នៅពេលដែលមនុស្សលែងជឿបុណ្យបាប លែងមានសាសនា ឃ្លាតចាកឆ្ងាយពី​សាសនានោះ មនុស្សនឹងកាន់តែជួបនូវទុក្ខវេទនាកាន់តែខ្លាំងឡើងៗ ព្រោះមនុស្សនឹងកាន់​តែភ្លើតភ្លើនជាមួយនឹងសម្ភារៈ នឹងផ្លូវកាយ លែងគិតពីផ្លូវចិត្តទៀតហើយ ហើយចិត្តរបស់​គេមានតែលោភៈ ទោសៈ និងមោហៈ នៅជាប់ជាមួយ។ ពាក្យចាស់”អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា” អ្នកដែលហ៊ានប្រព្រឹត្តនូវអំពើ​កាប់ចាក់គ្នា គ្មានលទ្ធផលអ្វីក្រៅតែអំពី មានរបួសស្នាម ហូរឈាមនិងឈឺចាប់នោះទេ ឯអ្នកខ្លាចមិនប្រព្រឹត្តវិញតែងមានសេចក្ដីសុខ “អ្នក​ដែលប្រព្រឹត្តអ្វី នឹងទទួលផលនោះ” ។ មនុស្ស​អាក្រក់ ចូលចិត្តលួច ឆក់ ប្លន់ លេងល្បែងស៊ី​សង យើងមិនត្រូវយកខ្លួនបៀត ឬ​រាប់​អាន​​មនុស្សទាំងនេះទេ ព្រោះនឹងនាំឲ្យអន្តរាយដល់​ខ្លួននៅថ្ងៃណាមួយមិនខាន ជាង​នេះ​ទៅ​ទៀត​បាត់បង់ទាំងកេរ្តិ៍ដោយសារតែការរាប់អាននេះ​។​ផ្ទុយទៅវិញ មុន​នឹងរាប់​អាន​នរ​ណា​​ម្នាក់​ត្រូវសម្លឹងមើល ឬកពារ កិរិយាមារយាទ ឲ្យបាន​ត្រឹមត្រូវ ចាំយកខ្លួនបៀត ដោយ​មិន​​គិត​ពីទ្រព្យសម្បត្តិមានឬក្រនោះទេ គឺត្រូវរាប់គេជាញាតិ។ ចំពោះខ្លួនយើងក៏ដូច្នេះដែរ គឺត្រូវរៀននូវច្បាប់ក្បួន រៀននូវអ្វីដែលមានសីលធម៌ រៀប​​ចំឥរិយាបទរបស់ខ្លួនឲ្យបានសមរម្យ ត្រូចេះគោរពដឹងគុណឪពុកម្ដាយ និង ចាស់ព្រឹទ្ធា​ចារ្យ និងអ្នកមានគុណទាំងឡាយ ។ ២.៣.៧. ២ ច្បាប់កេរកាលថ្មី គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឲ្យខំត្រាប់ កិរិយាណាខុសច្បាប់ គួរក្រឡប់ក្រឡាស់ចោល។ ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល​ ឃើញខុសកុំដេញដោល ​កុំថ្កោលទោសអ្នកមានគុណ។ ល្ងង់ខ្លៅត្រូវតែសួរ​ ពាក្យឲ្យគួរកុំឲ្យស៊ុន​ យកពាក្យផ្អែមជាមុន​ ទន់លំទោនឱនប្រតិបត្ដិ។ ទោះឪម៉ែស្លូតកាច​ គួរតែខ្លាចដូចមហាក្សត្រ​ ម្ដាយជេរពីរបីមាត់​​ គួរតែស្ងាត់ស្ងៀមឲ្យឈឹង។ ប្រដៅត្រូវតែស្ដាប់​ យកតំរាប់កុំទទឹង​ ម្នោះម្នះចចេសរឹង​ នឹងហើយហៅកូនសេសកម្ម (៤៤)។ ឪពុកម្ដាយ ជាអ្នកមានគុណធំមិនអាចកាត់ថ្លៃបាន តែក៏មានកិរិយា ឬ អំពើឆ្គាំឆ្គង​មួយ​​​ចំនួន​ដែរ ដូច្នេះលោកក្រមង៉ុយ ចង់អោយ​បុត្រធីតា​ទាំងឡាយ​អនុវត្តតាម​តែ​គម្រូ​ណា​ដែល​​ល្អៗ ហើយបោះបង់ចោលនូវគម្រូ ឬអំពើណាអាក្រក់ៗខុសច្បាប់ក្បួន។ ឪពុកម្ដាយនិងកូន បីដូចខ្លួននិងស្រមោល គឺជាសាច់ ជាឈាមដែលមិនអាច​កាត់​ផ្ដាច់ចេញពីគ្នាបានឡើយ​ កូនៗមានជីវិតរស់រានបានអាស្រ័យការមើលថែទាំយ៉ាងយកចិត្ត​ទុកដាក់បំផុតពីឪពុកម្ដាយ ដូច្នេះកូនៗមិនត្រូវភ្លេចគុណរបស់លោកឡើយ ហើយបើទោះបី​ជាលោកធ្វើខុសឆ្គងយ៉ាងណា ក៏គួរកុំដេញដោល និងកុំថ្កោលទោសលោកដែលជាអ្នកមាន​គុណ។​ មួយវិញទៀតបើសិនជាយើងជាកូន មិនបានដឹងមិនបានឮ ឬមិនយល់ គឺត្រូវសួរ ដើម្បី​ជៀសវាងធ្វើកិច្ចការមិនបានត្រឹមត្រូវ​ ហើយសួរដោយការគោរព និងប្រើពាក្យផ្អែម​ល្ហែម​​សមរម្យ គឺមិនត្រូវប្រើពាក្យទ្រគោះបោះបោកនោះទេ ។ ទន្ទឹមនឹងនេះដែរ បើទោះបីជាឃើញថា ឪពុកម្ដាយ មានចរឹតស្លូនបូត ឬកោង​កាច​យ៉ាងណាក៏មិនត្រូវធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិដែរ​ គឺត្រូវគោរពកោតក្លាចលោក​ទាំងពីរដូចជាព្រះមហាក្សត្រគ្រប់គ្រងផែនដី យ៉ាងនោះដែរ ហើយបើលោកស្ដីបន្ទោស​បន្តិចបន្តួចយើងដែលជាបុត្រធីតាល្អ គួរពុំតមាត់ជជែកយកឈ្នះចាញ់ជាមួយលោកវិញដែរ គឺត្រូវនៅអោយស្ងៀមស្ងាត់ ។ បើមាតាបិតាប្រៀនប្រដៅត្រូវត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ និងមិនត្រូវ​ចចេសរឹងរូស ប្រកែកតវានោះទេ បើពុំដូច្នោះទេ គឺនឹងក្លាយជាកូនអកត្តញ្ញូហើយ ។ សរុបមកស្នាដៃរបស់កវីក្រម ង៉ុយ បានរួមចំណែកយ៉ាងច្រើនក្នុងការអប់រំឲ្យ​មនុស្ស កសាងសមត្ថភាពដោយផុសចេញពីការអប់រំផ្លូវចិត្ត ផ្លូវកាយ និងវាចា ដោយផ្សារភ្ជាប់ជា​មួយសុជីវធម៌ប្រចាំថ្ងៃផង និង សីលធម៌នៅក្នុងសង្គមចាប់តាំងពីខ្លួនឯង និងគ្រួសារផង ។ (៤២) វីគីភីឌា, ក្រមង៉ុយ, (២៩ កញ្ញា ២០១២), http://km.wikipedia.org/w/index.php?title=ក្រមង៉ុយ&oldid=119204 (៤៣) វីគីភីឌា, ច្បាប់ល្បើកថ្មី, (០៤ មិថុនា ២០១១), http://km.wikipedia.org/w/index.php?title=​ច្បាប់ល្បើកថ្មី​&​oldid​=​736​83 (៤៤) វីគីភីឌា, ច្បាប់កេរកាលថ្មី, (១២ តុលា ២០១២), http://km.wikipedia.org/w/index.php?title=ច្បាប់កេរកាលថ្មី​&​oldid=120573 សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិធី http://earn4refer.com/ref.php?page=act/ref&invcod=159507 http://homezwork.com/-171074.htm http://yield2me.com/-99563.htm Posted by Henry ហេនរី at 8:27 PM 0 comments Email ThisBlogThis!Share to TwitterShare to Facebook Links to this post Reactions: ទស្សនៈអប់រំសីលធម៌របស់ មហាត្មះគន្ធី ទស្សនៈអប់រំសីលធម៌របស់ មហាត្មះគន្ធី មហាត្មះ​ គន្ធី(០២-តុលា-១៨៦៩​ ដល់ ៣០-មករា-១៩៤៨) ជាមេដឹក​នាំ​មនោគម​វិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯក​រាជ្យជាតិ​ឥណ្ឌា។​ គាត់​ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបះបោរ​ជា​ច្រើន ដោយ​ការ​ប្រកាន់ភ្ជាប់​ភាព​អត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះ​ទៅ​រក​ភាព​ឯក​រាជ្យ និង​បាន បំផុស អោយ មាន​ចលនា​តស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុង​ពិភព​លោក (៣៧)។ មហាត្មះគន្ធី បានបង្ហាញថា លោកស្រលាញ់ធម៌អហិង្សាខ្លាំងណាស់ បើទោះបីជា​លោក​ត្រូវគេចាប់ដាក់គុកជាច្រើនលើក ត្រូវគេវាយដំច្រំធាក់ ត្រូវគេប៉ុនប៉ងនិងធ្វើឃាត​លោក​យ៉ាង​ណា​ក៏ដោយ​ក៏លោក នៅតែមិនប្រកាន់ខឹង តបតដោយប្រើហិង្សាវិញដែរ។ “ឱ​អហិ​ង្សា អ្នក​មាន​កម្លាំង​ខ្សោយ​តែសំបកក្រៅតែប៉ុណ្ណោះ តែខាងក្នុងអ្នកបានកប់​ទុកនូវ​ បណ្ដូល​​ដែក​ថែបដែលខ្ញុំជឿថាគ្មានកម្លាំងអ្វី ក្នុងលោកអាចពត់អ្នកបានទេ” (៣៨)។ មហាត្មះ គន្ធី បានអប់រំឲ្យប្រជាជាតិ ឥណ្ឌា ក៏ដូចប្រជាជាតិលើពិភពលោកបាន​យល់​ពីត​ម្លៃ​អហិង្សា​ធម៌ និងប្រព្រឹត្តអហិង្សាធម៌ចំពោះគ្នាទៅវិញទៅមក ។ - “ចិត្តទឹកអាចរំលត់ចិត្តភ្លើង” មានតែការអត់សង្កត់ចិត្តទ្រាំទ្រ ប្រើអហិង្សាប៉ុណ្ណោះ ដែល​មនុស្ស​អាចអនុវត្តអ្វីទាំងឡាយបាន។ ក្នុងន័យនេះគឺលោកចង់អប់រំថា មានតែការ​យក​​​ទឹកចិត្ត មេត្តា ករុណ ខន្តី តស៊ូ ព្យាយាម និងសន្តិភាពទេ ទើបអាចរំលត់​ភ្លើង​កំហឹង​ដែល​​​​កំពុង​ឆេះ​​រោល​រាល នៅ​ក្នុង​​ខ្លួនប្រាណរបស់មនុស្សបាន ។ - គេតែងគោរពទន្លេគង្គា, ឪពុក ម្ដាយ និងជីដូនជី​តា ខ្ញុំក៏គោរពដូចគ្នាដែរ ព្រោះ​គេ​ជឿ​ថា ទន្លេនេះមានលាយទឹកអម្រឹត្យ ។ ឯចំណែកខ្ញុំ ក៏ខ្ញុំ​គោរពទឹកទន្លេនេះដូចគេឯងដែរ ព្រោះ​​​ទឹក​នេះត្រជាក់ដូចទឹកចិត្តខ្ញុំ បើខ្ញុំមុជទឹកទន្លេគង្គា​មួយឆ្នាំម្ដង ខ្ញុំនឹងមុជទឹកចិត្ត​អហិង្សា​​​របស់ខ្ញុំរាល់ថ្ងៃ ព្រោះខ្ញុំយល់ថាជាទឹកអម្រឹត្យដែលខ្ញុំពុំ​បាច់​ធ្វើដំណើរ​អស់​រយៈ​ពេល​​វែង​ឆ្ងាយ ហើយអស់កម្លាំអត់ប្រយោជន៍ ។ បើទោះជាទឹកទន្លេគង្គាត្រជាក់យ៉ាងក៏​ដោយ ប្រសិន​ណា​អ្នក​មិន​ទាន់​គ្រប់គ្រងចិត្តដែលពេញដោយភ្លើងតណ្ហានិងអវិជ្ជាបានទេ ក៏​វាមិន​ខុស​អ្វីពី​ការមុជទឹក​ទន្លេធម្ម​តា​ឯទៀត​ដែរ (៣៩)។ - បើធ្វើអហិង្សាសូមកុំប្រកាន់ខ្លួន កុំខ្ជិល ហើយត្រូវប្រយ័ត្នជានិច្ចចំពោះសេចក្ដី​ក្រោធ ដែល​កើត​មាន​ក្នុងសណ្ដានចិត្តរបស់យើង មនុស្សកំណាញ់ធ្វើពុំបានទេ ហើយអ្នក​លេងដែលមានចិត្តឃោរឃៅ ពីកំណើតមក ក៏ពុំអាចប្រព្រឹត្តនូវអហិង្សាបានឡើយ ។ សេច​ក្ដីជាប់ជំពាក់ ក្រោធស្រវឹងប្រកាន់ខ្លួន ខ្ជិលច្រណែន​ ប្រហែសធ្វេស អ្នកលេង ដេកច្រើន លុបគុណគេ កំណាញ់ ទាំងអស់នេះអ្នកមានបញ្ញាគួរលះចោលចេញ(៤០)។ - ត្រូវឈ្នះមនុស្សដោយព្រហ្មវិហារធម៌ បើអនុវត្តហើយពុំបានសម្រេច ពោលគឺ បើ​អំពើ​អាក្រក់​នោះពុំទាន់ឆេះរលាយទេ ក៏ដោយសារភ្លើងព្រហ្មវិហារធម៌នោះពុំទាន់មានអានុ ភាព​ខ្លាំង ។ - សាសនានៃអហឹង្សាភាពមិនមែនមានចំពោះ តែពួកសន្តបុគ្គលប៉ុណ្ណោះទេ បុគ្គល​សាមញ្ញ​ក៏មាន​ដែរ ។ - ខ្ញុំសុខចិត្តឲ្យគេយកកាំបិត មកពុះជញ្រ្ចាំរាងកាយរបស់ខ្ញុំប្រសើរជាងគេដកចិត្ត អហិង្សា​ចេញ​ពី​រាងកាយខ្ញុំ។ - កុំប្រើវិហឹសា ព្រោះជាច្បាប់របស់សត្វតិរច្ឆាន ត្រូវប្រើអវិហឹសាវិញ បើធ្វើបានទោះ​បណ្ឌិត​ញូវ​តុន ឬមេទ័ព វិលីតុន ក៏ឈ្មោះថាចាញ់អ្នកដែរ (៤១)។ (៣៧) វីគីភីឌា, មហាត្មះគន្ធី, (១៩ កញ្ញា ២០១២),​ http://km.wikipedia.org/w/index.php?title=មហាត្មះគន្ធី&oldid=123​6​37 (៣៨) សុខ សត្ថាល, មហាត្មះគន្ធី ទស្សនវិទូអហឹង្សា និង មហាទស្សនវិទូ និងទស្សនវិជ្ជាអារ៉ាប់, ភាគ២ (ភ្នំពេញ៖ ១២ ឧសភា ១៩៩៦), ៦១ ។ (៣៩) ដូច (៣៨), ៣០,៣៤ ។ (៤០) ដូច (៣៨), ៧១ ។ (៤១) សុខ សត្ថាល, មហាត្មះគន្ធី ទស្សនវិទូអហឹង្សា និង មហាទស្សនវិទូ និងទស្សនវិជ្ជាអារ៉ាប់, ភាគ២ (ភ្នំពេញ៖ ១២ ឧសភា ១៩៩៦), ១០១-១០២ ។ សូមចុចត្រង់នេះដើម្បីចូលរួមឧប្ថមកម្មវិធី http://earn4refer.com/ref.php?page=act/ref&invcod=159507 http://homezwork.com/-171074.htm http://yield2me.com/-99563.htm
ប្រភព៖  http://phkhmer.blogspot.com.au/2013/01/blog-post_413.html
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc