មាឃបូជា គឺជាពិធីបុណ្យមួយយ៉ាងដែរ ដែលពុទ្ធសាសនិកនាំគ្នាប្រារព្ធធ្វើនៅថ្ងៃពេញបរមី ខែមាឃ។ គេកំណត់យកថ្ងៃពេញបរមី( ១៥កើត) ខែមាឃព្រោះថ្ងៃខែនេះទាក់ទងនឹងពុទ្ធ ប្រវត្តិដូចពិសាខបូជាដែរ។ គឺនៅថ្ងៃពេញបរមី ខែមាឃក្នុងឆ្នាំដំបូងដែលព្រះពុទ្ធបានត្រាស់ដឹង (ក្នុងព្រះជន្មាយុ៣៥វស្សា) មានមហាសន្និបាតមួយ ដែលមានព្រះអរហន្ត១២៥០អង្គ (ក្រុមបុរាណជដិល១០០០ ក្រុមអគ្គសាវ័ន២៥០)។ នៅពេលជួបជុំគ្នា ព្រះពុទ្ធទ្រង់សម្តែងឱវាទ ប្បាតិមោក្ខ ហើយទ្រង់តាំង សារីបុត្រជាបឋមសាវ័កព្រះ មោក្គល្លានជាទុតិយសាវ័ន។
ក្នុងបច្ឆិមវ័យ លុះព្រះជន្មគម្រប់៨០វស្សា មុនថ្ងៃបរិព្វាន៣ខែ គឺនៅថ្ងៃពេញបូណ៌មីខែមាឃ មានក្រុមមារមកនិមន្តព្រះពុទ្ធឱ្យចូលនិពា្វ ព្រះអង្គទ្រង់ឆ្លើយប្រាប់មារថា ព្រះអង្គនឹងទ្រង់ បរិព្វាននៅ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខ។ នៅពេលព្រះអង្គទ្រង់ដាក់ ព្រះជន្មាយុសង្ខារនោះ មានការកក្រើកញាប់ញ័រផែនដីយ៉ាងខ្លាំង ព្រមទាំងផ្គរលាន់កងរំពង ផ្ទៃមេឃ។ អាស្រ័យដោយ ថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអស្ចារ្យ២បែបនេះហើយ (ប្រជុំអរហន្ត និងដាក់អាយុសង្ខារ) បានជាពុទ្ធបរិស័ទនាំគ្នារៀបចំគ្រឿងសក្ការៈបូជាព្រះរតនត្រ័យរំលឹក ដល់ថ្ងៃខួបនោះជាប្រពៃណី។ នៅប្រទេសខ្មែរគេផ្តើមធ្វើបុណ្យមាឃបូជានៅឆ្នាំប្រហែលគ្នា នឹងបុណ្យពិសាខបូជាដែរ។
ពិធីបុណ្យមាឃបូជា ប្រព្រឹត្តិទៅនៅពេលយប់ក្នុងវត្តអារាមនីមួយៗ។ តាមទំនៀមពុទ្ធបរិស័ទ ត្រូវដើរប្រទក្សិណព្រះវិហារ៣ជុំសិនមុននឹងចូល។ គេយកទេយ្យវត្ថុរៀបដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូប។ លុះជួបជុំគ្នាហើយព្រះសង្ឃ១អង្គដែលចាស់វង្សាជាងគេសូត្រសិក្ខាបទ។ បន្ទាប់មកព្រះសង្ឃ២អង្គ ដែលគង់នៅមុខទេយ្យវត្ថុសូត្រសរសើរ គុណព្រះពុទ្ធ(ពុទ្ធគុណ) លុះចប់អត្ថបទខាងដើម ព្រះសង្ឃត្រូវសម្តែងទេសនា អំពីជីវប្រវត្តិរបស់ព្រះពុទ្ធ។ ការសូត្រ ពុទ្ធគុណ និងសម្តែងទេសនាប្រព្រឹត្តិឆ្លាស់គ្នារហូតដល់អាធ្រាត្រកាលរហូតដល់ភ្លឺ។ ពេលនោះ គេប្រគេនយាគូដល់ព្រះសង្ឃដើម្បីបញ្ចប់ពិធីបុណ្យ។
ប្រភព៖ សៀវភៅអរិយធម៌ខ្មែរ
0 comments:
Speak up your mind
Tell us what you're thinking... !