ខុង ជឺ |
ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ (៥៥១-៥៧៩ មុន គ.ស.)
តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ហើយមានលក្ខណៈ ជាសាសនាផង ជាការអប់រំផង ជាច្បាប់សីលធម៌ផងដែរ។ ខុង ជឺ មានលក្ខណៈជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាសីលធម៌ គុណធម៌ មនុស្សធម៌ ជាពិសេសចំពោះជនជាតិចិននាសម័យនោះ។
ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកបដោយភាពត្រឹមត្រូវមានគុណធម៌ និងករុណា។ ការរស់នៅល្អ គឺអាចសម្រេចបានតែនៅក្នុងទំនាក់ទំនងប្រាំយ៉ាងរបស់មនុស្សដែលស្គាល់ខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ កត្តញ្ញូទៅតាមកតព្វកិច្ចរបស់ខ្លួនៈ
- អ្នកដឹកនាំចំពោះមន្រ្តីរបស់រដ្ឋ
- ឪពុកម្ដាយ ចំពោះកូន
- ប្ដី ចំពោះប្រពន្ធ
- មនុស្សចាស់ ចំពោះក្មេង ហើយនិង
- មិត្តភក្ដិ ចំពោះ មិត្តភក្ដិ (២១) ។
ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមានការប្រតិប្តិត្រឹមត្រូវ។ ទៅតាមឈ្មោះជាមុនសិន ។ បានន័យថា ម្នាក់ៗត្រូវតែស្គាល់ឈ្មោះ និងមុខងារតួនាទីរបស់ខ្លួនឲ្យច្បាស់។ ខ្លឹមសារសំខាន់នៅទីនេះ គឺស្ថិតនៅត្រង់ថា អ្នកគ្រប់គ្រង ឪពុកគឺឪពុក ហើយកូន គឺកូន។ល។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗគ្នា។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិនចាត់ទុកថាជាបុគ្គលល្អបានដែរ។
ខុង ជឺ បានជំរុញសាវ័ករបស់គាត់ឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នក
គ្រប់គ្រងអសីលធម៌ ។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ ហើយបង្កើត
គុណធម៌ មិនប្រែប្រួលប្រាំយ៉ាងដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត ក្នុងការគ្រប់គ្រងប្រជាជនរបស់ខ្លួន ។
· មេត្តាធម៌ៈ តែងតែគិតមុននូវអ្វីដែលជាអំពើល្អដល់ប្រជាជន
· ភាពម៉ឺងម៉ាត់ៈ មិនត្រូវធ្វើកិច្ចការណាដែលមិនចង់ធ្វើ
· ភាពស្មោះត្រង់ៈ គោរពនូវឧត្តមគតិ និងកិច្ចការរបស់ខ្លួន
· បញ្ញាៈ ត្រូវបានដឹកនាំដោយចំណេះដឹងប្រកបដោយការពិចារណាខ្ពស់លើហេតុនិងផល
· សច្ចធម៌ៈ ត្រូវតាំងចិត្តមិនលំអៀង ជាកណ្ដាលស្មោះត្រង់។
តាមទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និង យុត្តិធម៌ ។ ខុង ជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបនាក៏ដោយ ។លោកចាត់ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលមនុស្សមួយចំនួនបានប្រព្រឹត្តទៅលើសត្វ និង ទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្ដៅដូចស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យស្លាប់ដោយទារុណកម្ម -ល- ។ អំពើទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌ ។
លោកបានបង្ហាត់មនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម ឲ្យហ៊ានទទួលស្គាល់នូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក ទោះបីជាអំពើល្អ ឬអំពើអាក្រក់ក្ដីនៅចំពោះមុខច្បាប់។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលទារុណកម្មឲ្យសមនឹងកំហុសដែលគេបានសាង។ ប្រសិនបើកំហុសនោះធ្ងន់ដល់ប្រហារជីវិត អ្នកទោសត្រូវហ៊ានធ្វើអត្តឃាតខ្លួនឯង...។
សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀនខ្មាស ត្រូវចេះយល់នូវអ្វីដែលត្រឹមត្រូវ និង មានយុត្តិធម៌ក្នុងជីវិត។ ម៉្យាងទៀតឲ្យមនុស្សបណ្ដុះនូវសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ ដូចជាខ្លូនឯងដែរគឺៈ
- ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
- ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ។
- អំពើដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ ។
- អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន ។
- អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
- បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពីទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
- បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើមិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
- ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
- អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើមនុស្សក្រោមបង្គាប់អ្នក (២២)។
ខុង ជឺបានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះអាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិសម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយផងដែរ ។ តាមខុង ជឺ អាចដឹងទៀតថា គុណធម៌របស់មនុស្សជាតិ ចិត្តមេត្តា ភាពជាមនុស្សពិតប្រាកដ គឺលក្ខណៈសីលធម៌ ស្នេហាអំពើល្អរបស់មនុស្ស និងទឹកចិត្តមនុស្សធម៌ ។ តាមទស្សនៈ សីលធម៌របស់ ខុង ជឺ ចិត្តមេត្តាសន្ដោសប្រណីគឺជាកត្តាចម្បងបំផុត សម្រាប់ការរស់នៅរបស់មនុស្សនៅក្នុងសង្គម ។
ដូច្នេះយើងឃើញថា ទស្សនៈរបស់ ខុង ជឺ ពិតជាបានរួមចំណែកយ៉ាងធំធេងបម្រើឲ្យប្រព័ន្ធអប់រំ ប្រព័ន្ធគ្រប់គ្រងដឹកនាំរដ្ឋ តាមបែបទស្សនវិជ្ជាសីលធម៌ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ខុង ជឺ មិនប្រើប្រាស់កម្លាំងខាងក្រៅនោះទេដើម្បីជួយដោះស្រាយបញ្ហាក្នុងជីវភាពរបស់បុគ្គល គ្រួសារ សង្គម។ ផ្ទុយទៅវិញលោកបានប្រើក្បួនច្បាប់សីលធម៌ធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ និងដឹកនាំសង្គមមនុស្សឆ្ពោះទៅរកសុភមង្គលយ៉ាងពិតប្រាកដ
(២៣) ។
ប្រភព៖ http://phkhmer.blogspot.com.au/2013/01/blog-post_1124.html
0 comments:
Speak up your mind
Tell us what you're thinking... !