ស្ត្រី​មាន​លក្ខណ៍​ឬ​ស្រី​គ្រប់លក្ខណ៍​តាមរយៈ​អក្សរសិល្បិ៍​ខ្មែរ - wat ketanak
Headlines News :
Home » » ស្ត្រី​មាន​លក្ខណ៍​ឬ​ស្រី​គ្រប់លក្ខណ៍​តាមរយៈ​អក្សរសិល្បិ៍​ខ្មែរ

ស្ត្រី​មាន​លក្ខណ៍​ឬ​ស្រី​គ្រប់លក្ខណ៍​តាមរយៈ​អក្សរសិល្បិ៍​ខ្មែរ

Written By kkaba on Sunday 20 January 2013 | 02:58

បើ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថាស្ត្រី​គ្រប់លក្ខណ៍​មានន័យ​ថា “​ស្ត្រី​ដែល​បរិបូណ៌​ដោយ​លក្ខណៈ​ល្អ​។​

តាម​ច្បាប់​ស្រី​របស់​បណ្ឌិត ម៉ឺន មៃ លោក​ពុំ​បាន​កំណត់​ថាស្ត្រី​គ្រប់លក្ខណ៍​ត្រូវមាន​លក្ខណៈ​ល្អ​ប៉ុន្មាន​ប្រការ​ទេប៉ុន្តែ​លោក​បាន​ហៅ​ស្ត្រី​ខាតលក្ខណ៍​ចំពោះ​នារី​ណា​ដែល​ពុំ​មាន​ចរិយា​ល្អ​ក្នុង​ឥរិយាបទដេក​, ដើរ​, ឈរ​, អង្គុយ ឬ​បង្ហាញ ប្ញកដាក់​ប្រុសៗហើយ​ប្រុសៗ​បាន​ចិត្តហ៊ាន​លូកលាន់​រូបរាងកាយ ។ក្រៅពីនេះ​លោក​បណ្ឌិត​បាន​ដាក់ចេញ​នូវ​ក្រមសីលធម៌​ដ៏​តឹងរ៉ឹង​សម្រាប់​ស្រី​អំពី​ការថែរក្សា​ភ្នក់ភ្លើង​ទាំង​បី​គឺ​៖
“​
ភ្លើង​ក្រៅ​កុំ​នាំ​ទៅ​ក្នុង ឱ្យ​ឆេះ​រីក​ធំ​ផ្តុំ​បង្កាត់ភ្លើង​ក្នុង​មិន​ប្រុងប្រយ័ត្ន នាំ​មក​បង្កាត់​ឱ្យ​ឆេះ​ឯ​ក្រៅអុជ​-​អាល​បណ្តាល​ឱ្យ​ក្តៅ ដាល​ដល់​កូនចៅ​អសោចិ៍​អប្រិយ​
“​
ភ្លើង​មួយ​នោះ​រក្សា គឺ​គុណ​មាតាបិតា​សួន​គ្រង ឱ្យ​នាង​ធ្វើ​ដោយ​គន្លងប្រតិបត្តិ​កុំ​ឆ្គង​នឹង​ឪពុកម្តាយ ភ្លើង​មួយ​កុំ​បែងក្រឡាគឺ​ប្តី​អាត្មា​ស្ថិតស្ថេរ​រួម​រ័ក្ស​

​ដូច្នេះ​ភ្នក់ភ្លើង​ទាំង​បី​នោះ​គឺ
ទី​១-ភ្លើង​ក្រៅ ភ្លើង​ក្នុងពោល​គឺ​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​រវាង​ញាតិសណ្តាន​នៅក្រៅ​ផ្ទះ និង​មនុស្ស​ក្នុងផ្ទះចៀសវាង​នាំពាក្យ​មិនល្អ​ចុះឡើង ដែល​បណ្តាល​នាំឱ្យ​កើត​ជម្លោះ​បែកបាក់ហើយ​ដែល​លោក​ចាត់​ទុក​ជា​ភ្នក់ភ្លើង​មួយ ។
ទី​២- ការយកចិត្តទុកដាក់​ផ្គាប់ផ្គុន​សងគុណ​ឪពុកម្តាយ​ទាំងសងខាងក៏​ជា​ប្រភព​នៃ​សុភមង្គល​មួយ​ក្នុង​រង្វង់​គ្រួសារ​ដែរព្រោះ​ការ​ខ្វះ​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ ឬ​ឪពុក​ម្តាយក្មេកក៏​ជា​ភ្នក់ភ្លើង​មួយ​អាច​ឆាបឆេះ​សុភមង្គល​គ្រួសារ​បាន​ដែរ ។
ទី​៣​-​ ត្រូវ​យកចិត្តទុកដាក់​ប្រណិបត្តន៍​ប្តីដែល​ជា​កត្តា​សំខាន់​បំផុត ក្នុង​សុភមង្គល​គ្រួសារ ។​

​យើង​មិន​អាច​បដិសេធ​បានទេសម័យកាល​ណា​ក៏​ដោយ​លក្ខណៈ​ល្អ​របស់​ស្ត្រី​នៅត្រង់​ចំណុច​ទាំង​នេះ​ដែល​ជា​បញ្ហាធ្វើ ឱ្យ​មាន​ការយោគយល់​គ្នា​ក្នុង​គ្រួសារ ក្នុងសង្គមព្រោះ​ការប្រុងប្រយ័ត្ន​នេះ​ធ្វើឱ្យ​មាន​សេចក្តីសុខ​ជា​និរន្តរ៍ ។ ប៉ុន្តែអ្វី​ដែល​គួរ​ពិចារណា​នោះ​ត្រង់​ថាតើ​បុរស​វិញ​មិន​ចាំបាច់​រក្សា​ភ្នក់ភ្លើង​ទាំងបី​ទេ​ឬ​? ហេតុដូចម្តេច​ក៏​បុរាណ​លោក​ប្រដៅ​តែ​ស្ត្រី​?

​ការ​បែងចែក​តួនាទី​ក្នុង​ផ្ទះ​មក​ឱ្យ​ស្ត្រី​បែប​នេះ គឺជា​ជំរើស​មួយហើយ​ក្រៅពីនេះ​គួរឱ្យ​កោតសរសើរ​ណាស់ដែរ​ត្រង់​ថាក្រៅពី​ប្រដៅ​ស្រី​ឱ្យ​ខំរៀន​ច្បាប់ស្រី​, រៀន​ត្បាញ​រវៃ​ឆ្លៀត​ឱកាស​ជួយ​សេដ្ឋកិច្ច​គ្រួសារ​ហើយបើ​មើលទៅ​ច្បាប់ប្រុស​វិញ​នោះ​យើង​ឃើញ ថាលោក​បណ្ឌិតមៃ​ក៏​មិន​បន្ធូរដៃ​ឱ្យ​បុរស​ដែរលោក​បាន​ប្រដៅ​បុរស​ឱ្យ​ស្ទុះស្ទារ​ធ្វើ​ការងារ​ក្រៅ​ផ្ទះ ក្នុងផ្ទះ​សព្វសារពើសមល្មម​ឱ្យ​ភរិយា​គោរព​ប្រណិបត្តិន៍​ប្តី​បានដែរ ព្រោះ​បើ​តាម​ច្បាប់ប្រុស​នោះប្តីល្អ​មិន​ធ្វើឱ្យ ខុស​ចិត្ត​ប្រពន្ធ​ឡើយរាល់​កិច្ចការ​របស់​ខ្លួន​ត្រូវបំពេញ​មិនបាច់​ប្រពន្ធ​ដាស់តឿន​ទេ ។លោក​ក៏​ប្រដៅ​បុរស​ឱ្យ​សួរ​ចិត្ត​ប្រពន្ធ​ក្នុង​ការចាយវាយ​ទ្រព្យ​របស់​ថែមទាំង​ឱ្យ​ប្រុងប្រយ័ត្ន​នឹង​ចម្កួត​ទាំងបីគឺ​ឆ្កួតស្រី​, ឆ្កួតស្រា​, ឆ្កួតល្បែង​ពាលា ផងដែរ ។​

​និយាយ​រួម​បណ្ឌិត​មៃ ក៏​បាន​ប្រដៅ​ប្រុសៗ​ឱ្យ​ខ្លួន​ប្រុស​គ្រប់លក្ខណ៍​ដែរគ្រាន់តែ​ការ​បែងចែក​ថា អ្វី​ជា​លក្ខណ៍​ស្ត្រី និង​អ្វី​ជា​លក្ខណ៍​បុរស​តែប៉ុណ្ណោះហើយ​នេះ​ក៏​ប្រហែល​មកពី​សម័យកាល​នោះ​មនុស្ស​កំពុង​ប្រយុទ្ធ​នឹង​ជីវិត​ធម្មជាតិជីវិត​រស់នៅ​បែប​នោះ វា​ទាមទារ​ឱ្យ​ប្រុស​ត្រូវតែ​ចេញ​ទៅ​ធ្វើការ​នៅ​វាលហើយ​ស្រី​ដោយ​នៅ​ជាប់​កូនចៅ​ច្រើន​មួយ​ហើយ​មួយទៀតព្រោះ​សង្គម​យើង​មិន​ទាន់​យល់ដឹង​ពី​ការពន្យារ​កំណើត​បាន​ជា​លោក​មើលឃើញថាលក្ខណៈ​ល្អប្រសើរ​របស់​ស្ត្រី​នោះ គឺ​ត្រូវ​នៅផ្ទះ​ថែរក្សា​កូននិង​ចេះ​ឆ្លៀត​ឱកាស​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​ឱ្យបាន​ប្រពៃ​នោះ វា​ជា​លក្ខណៈខ្ពង់ខ្ពស់​មួយ​របស់​ស្ត្រី​ទៅហើយ ។​

​នៅក្នុង​សៀវភៅ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ឥន្ទ​បញ្ញា​ភិក្ខុ ហេង មណី​ចិន្តាលោក​បាន​និយាយ​ពី​ភរិយា​គ្រប់លក្ខណ៍​ត្រង់​កម្លាំង​ទី​៥​របស់​ស្ត្រី​នៅ​ទំព័រ​ទី​៤​ថា​“​កម្លាំង​សីលធម៌គឺ​ការប្រព្រឹត្តិ​ល្អ​ក្នុង​បែបបទ​សីលធម៌​ក្នុងឋានៈ​ជា​ភរិយា គ្រប់​លក្ខណ៍ទន់ភ្លន់ សុភាពរាបសា ស្គាល់​ខុស​ស្គាល់​ត្រូវ​។​

​តាម​លោក មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ជំនុំ​ទំនៀមទម្លាប់​បាន​និយាយថា “​ខ្មែរ​ឱ្យ​តម្លៃ​ទៅលើ​លក្ខណ៍​សម្រាប់​ជា​គ្រឿង​លម្អ​ដល់​កូនស្រី ។ដើម្បី​បាន​លក្ខណ៍ ឬ​បាន​ឋានៈ​ជា​ស្រី​គ្រប់លក្ខណ៍ខ្មែរ​និយម​បញ្ចូល​កូន​ក្នុង​ពិធី​មួយ​ហៅថា “​ពិធី​ចូល​ម្លប់​រយៈ​ពី​៣​ខែ​ទៅ​៦-៩​ខែ​ទៅ​មួយ​ឆ្នាំ គេ​ទទួលផល​បាន​លក្ខណ៍​បីយ៉ាង​៖១-​រូប​លក្ខណ៍​, ២-​ចរិយា​លក្ខណ៍​, ៣-​សមត្ថភាព​លក្ខណ៍ ។​

ទី​១៖ រូប​លក្ខណ៍​មានន័យ​ថាបន្ទុំ​សម្បុរ​រូបរាងកាយ​ឱ្យ​ល្អ​ផូរផង់​នៅក្នុង​ម្លប់សម្រាក​សុខ​ស្រួល​ពុំ​មាន​ប្រកប​កិច្ចការ​ធ្ងន់​ស្រាល​អ្វី​ឡើយ ។បរិភោគ​អាហា​របួស​នៅ​រាល់ថ្ងៃ​មក​រដូវ ញ៉ាំង​ឱ្យ​មាន​សុខភាព​កាន់តែ​ល្អព្រម​ជាមួយ​នឹង​សម្រស់​កាន់តែ​ស្រស់ស្អាត ។​
ទី​២៖ ចរិយា​លក្ខណ៍ គឺជា​ពេល​អប់រំ​សីលធម៌​រស់នៅ​ឱ្យ​បាន​សុភាពរាបសា​, ទន់ភ្លន់ស័ក្តិសម​ជា​កូនស្រី​, ភរិយា​, ជា​មាតា​ល្អ​របស់​ខ្មែរ ។​
ទី​៣-សមត្ថភាព​លក្ខណ៍គឺជា​ពេល​បំប៉ន​ឲ្យ​ចេះ​សព្វ​កិច្ចការ​មេផ្ទះ ដាំ​ស្ល ត្បាញ​រវៃ​...​៘​

​ក្នុង​រឿង​ផ្កា​ស្រពោន​របស់លោក នូ ហា​ច លក្ខណសម្បត្តិ​ល្អ​របស់​នាង​វិធា​វីបាន​ត្រូវ​រង​សម្ពាធ​តឹងរ៉ឹងបែប​ប្រពៃណី​ខាងលើ​នេះ​យ៉ាង​ឥតខ្ចោះ​ទើបបាន​ជា​នាង​សុខចិត្ត​ខាំមាត់សង្កត់ចិត្ត​គោរព​ម្តាយ​ឲ្យបាន​ផង ហើយ​ក៏​ត្រូវតែរក្សា​ភក្តីភាព​ស្នេហា​ឱ្យ​បាន​ដែរ ។​

សម្ពាធ​ប្រពៃណី​នេះ ធ្វើឱ្យ​នាង​ខ្លាច​ពាក្យ​តិះដៀល​ថា ជា​ស្រី​ខាត​លក្ខណ៍​, ជា​បុត្រី​អកត្ត​ញ្ញូ​, ជា​សង្សារ​សាវាស៊ូ​ខាំមាត់​អត់ទ្រាំ​ចម្បាំង​ក្នុង​ឱរា​រហូត​ក្អួត​ឈាម​ស្លាប់ ។ នាង​ខ្សឹកខ្សួលតែ​នឹង​ហាមាត់​ជម្រាប​ម្តាយ​តាម​យោបល់​នេះ ពុំរួច ដោយ​នាង​ជា​យុវតី​ស្រគត់ស្រគំធ្លាប់​មាន​កិរិយាមាយាទ​តាម​លំ​អាន​ទំនៀមទម្លាប់​បុរាណ​ចាស់ទុំ​ជានិច្ច ។ នាងមាន​សេចក្តី​អៀនខ្មាស​ច្រើន​មិន​ហ៊ាន​ចរចា​ពី​សេចក្តីស្នេហា​សោះ ឡើយប្រការ​មួយ​ទៀត​នាង​គិត​ឃើញថា សម័យ​នេះ​ហួស​ឱកាស​ទៅ​ហើយទោះ​នាង​ប្រកែក​រឹងរូស​ដូចម្តេចក៏​មុខ​ជា​យាយ​នួន​គាត់​បែរ​សម្តី​ថា​ទេ​វិញ​មិនខានឡើយ ។​

​ក្នុង​រឿង​“​មហោសថ​ព្រះ​មហោសថ​ជា​បុរស​រើស​ប្រពន្ធ លុះ​បាន​ជួប​នឹង​នាង​អម​រាមហោសថ​បាន​ចោទ​ជា​ប្រស្នា​ជា​ច្រើន​សារ​ស្វែងយល់ថាអមរា​ជា​ស្រី​មាន​បញ្ញា​លើសលប់​នោះ ទើប​គាត់​ស្តីដណ្តឹង​ជា​ភរិយា ហើយ​ក្រោយមកនៅពេល​ដែល​អាចារ្យ​ចិត្ត​ខ្មៅ​៤​រូប​ប៉ង​បំបែកបំបាក់​នាង​ពី​ព្រះ​មហោសថដើម្បី​យាយី​រំលោភ​បំពាន​លើ​រាងកាយ​នាងនាង​ក៏​បាន​រក​វិធី​ធ្វើ​គន្លឹះ​យន្ត​ផ្ចាញ់​អាចារ្យ​ទាំង​៤​នោះ​ឱ្យ​ដល់​នូវ​ក្តីវិនាស។​

​ក្នុង​រឿង “​ចៅ​ស្រទបចេក​នាង​កេស​មាលាបាន​សុំ​ពរ​ពី​ព្រះរាជា​ឱ្យ​នាង​មាន​មាត់ទិព្វ​ក្នុងការ​ធ្វើ​ជា​សាក្សី​ឱ្យចៅ​ស្រទបចេក​ដែល​ត្រូវ​សេដ្ឋី​ឪពុក​នាង​ធ្វើបាប ។ការសុំ​ពរ​នេះ​ជា​ប្រាជ្ញា​ដ៏​វាងវៃ ដែល​ធ្វើឱ្យ​នាង​រក្សាបាន​នូវ​ចិត្ត​ភក្តីចំពោះ​ចៅ​ស្រទបចេក​ជា​សង្សារ​ផង និង​ការសង្គ្រោះ​ឪពុក​នាង​ចេញពី​ទោសឧក្រិដ្ឋ​ផង។​

​រួម​សេចក្តី​មក​តាមរយៈ​អក្សរសិល្បិ៍​ខាងលើ​អាច​ឱ្យ​យើង​សន្និដ្ឋាននិង​ឱ្យនិយមន័យ​ស្រី​គ្រប់លក្ខណ៍​ថា“​មិនមែនស្ថិត​នៅលើ​តែ​កិច្ចការ​ផ្ទះសម្បែងនិង​សីលធម៌​សុភាពរាបសា​ទន់ភ្លន់​រាក់ទាក់​ប៉ុណ្ណោះ​ទេតែ​ស្រី​ត្រូវ​ប្រកប​ដោយ​ការ​ឈ្លាសវៃ​, ការយល់ដឹង​លើ​ផ្នែក​បច្ចេកទេស​, សេដ្ឋកិច្ចកិច្ចការ​ច្បាប់​តុលាការ​ទៀត​ផង ដែល​ជា​ខ្នាត​លក្ខណៈ​បរិបូណ៌​របស់​ស្ត្រី​។​

​លក្ខណ៍​របស់​បុរស​ស្ត្រី​
តាម​តម្រា​បុរាណ​បានសរសេរថា បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​២៦​ប្រការហៅ​ថា​បុរស​គ្រប់លក្ខណ៍​គឺ​៖១-​ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការងាររៀនសូត្រ​មិន​ប្រកាន់​ខ្លួន​២-​មិន​ចេះ​លួច​ប្លន់​កេងកិប​ឆរ​បោក​៣-​មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ​៤-​មិន​រំភើប​ញាប់​ញ័រ​ភ័យ​ផ្តេសផ្តាស​៥-​មិន​និយាយ​កុហក​ភូតភរ​ឱ្យ​លើស​ពី​ការពិត​៦-​មិន​និយាយ​ត្រាប់​ឱ្យគេ​អៀនខ្មាស​៧-​បាន​ឮ​ដំណឹង​អ្វី​ហើយវិនិច្ឆ័យ​សិន​ទើប​ជឿ​ជា​ក្រោយ​៨-​ធ្វើ​ការងារ​មិន​រួសរាន់​ពេក​៩-​មិន​ចេះ​និយាយ​បំផ្លើស​សើច​លេង​១០-​ចេះ​ទទួល​ភ្ញៀវពន្លឺ​មិន​រើសមុខ​១១-​មាន​ថ្នាំកែរោគ​បម្រុង​មិន​ខ្វះ​ក្នុងពេល​ត្រូវការ​១២-​មិន​ប្រាប់​ការណ៍​សម្ងាត់​ដល់​អ្នកដទៃ​១៣-​មិន​ផ្ញើ​របស់​ទុក​នឹង​បុគ្គល​មិនគួរ​ផ្ញើ​១៤-​មានចិត្ត​អត់ធន់​តស៊ូ​មិន​រួញរា​ចំពោះ​កិច្ចការ​១៥-​មាន​ស្វាមីភក្តិ​ចំពោះ​ចៅហ្វាយ​១៦-​មិនចេះ​ឡិកឡក់​ចំពោះ​ស្រី​ក្រមុំ​១៧-​ស្គាល់​ចំណេញ​ស្គាល់​ខាត​១៨-​រក​ប្រដាប់​តុបតែង​ខ្លួន​ឱ្យ​ភរិយា​បុត្រធិ​តា​និង​ខ្លួនឯង​១៩-​មិន​ទិញជឿ​នូវ​របស់​ប្រើប្រាស់​គ្រប់យ៉ាង​២០-​ដឹងគុណ​តបគុណសរសើរគុណ​នៃ​អ្នកមានគុណ​២១-​គោរព​តាម​ឱវាទ​មាតា បិតា ញាតិមិត្តនិង​អ្នកប្រាជ្ញ​២២-​ចេះ​អត់ទ្រាំ​ស្តាប់​នូវ​ពាក្យ​ដែល​ស្តីបន្ទោស​ប្រដៅ​២៣-​មាន​កាយវាចា​សមរម្យ​មិន​ឆ្គង​២៤-​ឱ្យដំណឹង​មនុស្ស​ក្នុងផ្ទះ​ហើយ​សឹម​ចេញទៅ​២៥-​ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច​២៦-​ខឹង​ឆាប់​បាត់មិន​ចងកំហឹង​ទុក
ស្ត្រី​ដែល​ប្រកប​លក្ខណៈ​៣១​ប្រការហៅ​ថា​ស្ត្រី​គ្រប់លក្ខណ៍​គឺ​៖១-​មិនចេះ​អេចអូច​និយាយដើម​គេ​២-​ចេះ​គួរសម​ទទួល​មាតាបិតា និង​ស្វាមី​៣-​ដឹងគុណ តប​គុណមាតា បិតាញាតិសណ្តាន​ទាំងពីរ​ខាង​៤-​មិនចេះ​ដេក​ថៃ​៥-​មិន​វង្វេង​ភ្លេចមុខភ្លេចក្រោយ​៦-​ចេះ​ថែទាំ​របស់ទ្រព្យ​៧-​មិន​ផិតក្បត់​ស្វាមី​៨-​មិនចេះ​ប្រច័ណ្ឌ​ស្វាមី​៩-​គ្មាន​កល​មាយា​១០-​មិន​រំសាយសក់​ឱ្យ​គេ​ឃើញ​១១-​មានចិត្ត​អត់ធន់​ធ្ងន់ធ្ងរ​១២-​មាន​ជើង​ស្រាល​មិន​ទន្ទ្រាំ​ក្ឌុងក្ឌាំង​១៣-​មិន​ឈរឬ​អង្គុយ​សម្ញែង​កាយ​ឱ្យគេ​ឃើញ​១៤-​មិន​ដើរ​ញ៉ឹក​ញ៉ក់​កាច់រាង​១៥-​ចេះ​សង្រួម​ភ្នែកមិន​ក្រឡេករ​លឹម​រលាម​១៦-​មានដំណើរ​ល្អ មិន​គ្រលែង​កាយជំ​ទយគូទ​១៧-​មិន​បង់បោយ​ញាក់ស្មាគ្រលែង​ដើមដៃ​១៨-​មាន​សំឡេង​តិច​ច្បាស់លាស់​១៩-​មិនចេះ​ឡេះឡោះ​លេងសើច​២០-​មិន​និយាយ​ផ្តោះផ្តង​ចំពោះ​បុរស​២១-​មិន​ទម្រន់​ធ្វើការ​ណាធ្វើ​ទាល់តែ​ហើយ​ការ​នោះ​២២-​ទៅណា​ឆាប់​ត្រឡប់មកវិញ​២៣-​ចេះ​ទុកដាក់​អីវ៉ាន់​ក្នុងពេល​គួរ​ទុក​២៤-​ចេះ​រៀបចំ​ផ្ទះសម្បែង​២៥-​ចេះ​តុបតែង​គ្រឿងឧបភោគ​-​បរិភោគ​២៦-​ខ្លាចចិត្ត​ស្វាមីមាតា បិតា ហើយ​គោរព​តាម​ឱវាទ​២៧-​បរិភោគ​ចំណីអាហារ​ក្រោយ​មាតា បិតានិង​ស្វាមី​២៨-​ឈប់​បរិភោគ​មុន​មាតា បិតានិង​ស្វាមី​២៩-​ដេក​លក់​ក្រោយ​ស្វាមី​៣០-​ភ្ញាក់​មុន​ស្វាមី​៣១-​មាន​មេត្តាករុណា​ចេះ​ធ្វើ​បុណ្យទាន​

​លក្ខណៈ​បុរស​-​ស្ត្រី​គ្រប់លក្ខណ៍​តាម​តម្រា​បុរាណ​ដូច​បាន​ជម្រាបជូន​ខាងលើ​នេះបើ​តាម​សម័យ​បច្ចុប្បន្ន​ឃើញថា មាន​លក្ខណៈ​ខ្លះ​ហួស​សម័យ​ទៅហើយ ។ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ បើ​បុរស​-​ស្ត្រី​ណា​ប្រកប​ដោយ​លក្ខណៈ​ដូចបាន​បរិយាយ​ជា​គោលៗ​មកនេះ បុរស​-​ស្ត្រី​នោះគួរ​រាប់​ថា​ជា​មនុស្ស​គ្រប់លក្ខណ៍​ដោយ​បរិបូណ៌​៕

ស្ត្រី​មាន​លក្ខណ៍​ឬ​ស្រី​គ្រប់លក្ខណ៍​តាមរយៈ​អក្សរសិល្បិ៍​ខ្មែរ  

 ដោយ :​សាស្ត្រាចារ្យ នួន សុភ័ណ្ឌ​្(ថ្ងៃទី 14 កញ្ញា 2009)  

ផ្សាយដោយ   http://www.cambodiaonlinenews.com/

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc