លោក យ័ញ ហុង (Danh Hong) |
ដោយសារ ពុម្ពអក្សរយូនីកូដខ្មែរ លោក យ័ញ ហុង (Danh Hong) (រូបថតខាងក្រោម) ស្ម័គ្រចិត្ដចាកចោលស្រុកកំណើតកម្ពុជាក្រោម តើមិត្តយុវវ័យ ដែលកំពុងប្រើប្រាស់ ពុម្ពយូនីកូដខ្មែរ សព្វថ្ងៃនេះ ធ្លាប់ឆ្ងល់ទេថាតើនរណាជាអ្នកបង្កើត ? គេនោះឈ្មោះអ្វី ? មកពីណា?
អ្នកបង្កើត Font Khmer Unicode ដាក់ឲ្យយើងប្រើប្រាស់រហូតសព្វថ្ងៃនេះគឺ លោក យ័ញ ហុង។ លោក យ័ញ ហុង ស្ថាបនិក និងជាអ្នករចនា (Design) ពុម្ពអក្សរយូនីកូដខ្មែរ ដែលប្រវត្តិរបស់គាត់ត្រូវបានចុះផ្សាយ នៅក្នុងទំព័របណ្ដុំប្រវត្តិបច្ចេកវិទ្យា។
ប្រវត្តិសង្ខេប៖ លោក យ័ញ ហុងកើតឆ្នាំ ១៩៧២ នៅក្នុងគ្រួសារកសិករ ខ្មែរក្រោមមួយ នាខេត្តពលលាវ នៃដែនដី កម្ពុជាក្រោម ឬ ខាងត្បូងប្រទេសវៀត ណាម សព្វថ្ងៃ ។
សមាជិកគ្រួសារ៖ ចំនួនសមាជិកក្នុងគ្រួសាររបស់ លោក យ័ញ ហុង ទាំងអស់មាន ៩ នាក់ ។ លោក យ័ញ ហុង ជាកូនទី ។ រហូតមកដល់ពេលនេះ ឪពុករបស់ លោកមានវ័យ ៨២ ឆ្នាំហើយ ហើយ នៅតែបន្តរបរស្រែចម្ការដដែល ។
៨ ខែ ម្តាយស្លាប់ចោល៖ ក្រោយពេល លោក យ័ញ ហុង ចាប់កំណើតបានអាយុ ៨ ខែ ម្ដាយក៏បានស្លាប់ចោល ក្នុងអំឡុងសង្គ្រាមអាមេរិក វៀតណាម។ ចាប់ពីពេលនោះមក បន្ទុកថែទាំទារក ការចិញ្ចឹមបីបាច់ថែរក្សាទាំងស្រុង ត្រូវ បានធ្លាក់ទៅ លើឪពុករបស់គាត់ជាអ្នក រ៉ាប់រង។
ប្រវត្តិសិក្សា៖ បើទោះបីជាសង្គ្រាមរាតត្បាតយ៉ាងនាក៏ដោយ ក៏ឪពុករបស់លោក បានបំពេញតួនាទីយ៉ាងល្អក្នុងការបីបាច់ថែរក្សាឲ្យកូនប្រុស ដែលបាត់បង់ម្ដាយឲ្យធំដឹងក្តី ។
បឋមសិក្សា៖ ឈានចូលអាយុប្រ ហែល ៨ ឆ្នាំ លោក យ័ញ ហុង ក៏បានចូលរៀនថា្នក់ទីមួយ ក្នុងសាលាបឋមសិក្សា បាហៀង (Ba Hien) ។ សម្រាប់ថ្នាក់បឋមសិក្សា នៅប្រទេសវៀតណាមគេសិក្សាត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ គឺចាប់ពីថ្នាក់ទី ១ ដល់ ថ្នាក់ទី ៥ ។
ដើររាល់ថ្ងៃ៖ ជារៀងរាល់ថ្ងៃ សិស្សកម្រិតបឋមសិក្សា យ័ញ ហុង ត្រូវចំ ណាយពេលវេលា ដើរទៅសាលាប្រមាណជាពីរគីឡូម៉ែត្រ ។
ទៅរៀនផងហាត់ប្រាណផង៖ ថ្វីត្បិតតែទៅសាលាដោយថ្មើរជើង ក៏លោក យ័ញ ហុង មិនអាក់អន់ស្រពន់ចិត្តអ្វីដែរ ។ មិនតែប៉ុណ្ណោះគេបែរជាមានគំនិតក្រើនរំឮកខ្លួនឯង យ៉ាងដូច្នេះទៅវិញថា បានទៅរៀនហើយ ឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាពទៀត។
អនុវិទ្យាល័យ៖ ចប់ថ្នាក់ទី ៥កម្រិតបឋមសិក្សា លោក យ័ញ ហុងចាប់ផ្ដើមបន្តការសិក្សា កម្រិតអនុវិទ្យា ល័យថ្នាក់ទី ៦ ។ អនុវិទ្យាល័យ និងវិទ្យាល័យដែលលោក យ័ញ ហុង បន្តការសិក្សានេះ ស្ថិតនៅឆ្ងាយពីផ្ទះបន្តិចដែលស្ថិតនៅស្រុកមួយផ្សេងទៀត គឺស្រុកឡាំងយឿ (Lang Dua) ។
វិទ្យាល័យ៖ ប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩១ ។
ក្រោយបាក់ឌុបកាន់តែឆ្ងាយ៖
ក្រោយពីប្រលងបញ្ចប់សញ្ញាប័ត្របាក់ឌុបនៅឆ្នាំ ១៩៩១ លោក យ័ញ ហុង ត្រូវទៅបន្តការសិក្សាកម្រិតបរិញ្ញា បត្រនៅសាកលវិទ្យាល័យច្បាប់ នាទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ ។ ការចាកចេញពីស្រុកកំណើតមកបន្តកម្រិតសិក្សា នេះ ដោយសារតែ កាលណោះរដ្ឋាភិបាល វៀតណាម ផ្ដល់អាហារូបករណ៍មួយឆ្នាំសម្រាប់វគ្គរៀនត្រៀមប្រឡង អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាបន្ត នៅឆ្នាំ១៩៩២ ។
អ្នកមានសមត្ថភាព ឱកាសនៅតែមាន៖ អាហារូបករណ៍ដែលរដ្ឋផ្ដល់ឲ្យនោះ មិនមែនតែឆ្នាំត្រៀមនោះទេ ។ ប្រសិនបើសិស្ស ដែលមានសមត្ថភាព និងលទ្ធភាពប្រឡងជាប់នោះ នឹងទទួលបានអាហារូបករណ៍ ពេញប្រាំឆ្នាំតែម្ដង (ពីមុនថ្នាក់បរិញ្ញាបត្រនៅវៀតណាមរៀន៥ ឆ្នាំ ) ។ ក្នុងនោះដែរ បញ្ជីឈ្មោះបេក្ខភាពសិស្សដែលប្រលងជាប់ក៏មានឈ្មោះ លោក យ័ញ ហុង ម្នាក់ដែរ ។
បរិញ្ញាបត្រមិនមែន IT ៖ ពេលប្រ ឡងចូលរៀនថ្នាក់បរិញ្ញាបត្រ លោក យ័ញ ហុង បានចាប់ជំនាញច្បាប់ មិនមែនរៀនជំនាញ IT ទេ ។ នេះដោយសារតែលោកស្រលាញ់ និងចង់ធ្វើការជំនាញច្បាប់ មិនដែលគិតចង់បម្រើការងារផ្នែកកុំព្យូទ័រម្ដងណាឡើយ ។ សា កលវិទ្យាល័យ ដែលលោកប្រឡងជាប់ និងត្រូវរៀនបន្តនៅទីក្រុងហូជីមិញ នេះ មានឈ្មោះថា សាកលវិទ្យាល័យច្បាប់ ។ ប្រាំមួយឆ្នាំក្នុងការចាប់យកជំនាញ គេក៏បានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ១៩៩៧ ។
អាជីពគ្រាន់តែចាប់អារម្មណ៍ តែស្រលាញ់ច្បាប់ដដែល៖
កាលពីនៅជានិស្សិត ឆ្នាំទីមួយផ្នែកច្បាប់ឆ្នាំ ១៩៩២ ក្រុមហ៊ុនវៀតណាមមួយដែលមានឈ្មោះថា CINOTEC ដែលជាក្រុមហ៊ុនធ្វពុម្ព (Font) ខ្មែរ យកមកលក់ស្រុក ខ្មែរ ។ ចាប់តាំងពីពេលនោះមកលោក ក៏ចាប់អារម្មណ៍ ក្នុងការរចនាពុម្ពដែរ ប៉ុន្តែកាលនោះ អត់ទាន់ធ្វើអ្វីលេចចេញជារូបរាងនោះទេ គ្រាន់តែព្យាយាមស្វែងយល់បន្ថែម ខណៈនៅតែស្រឡាញ់ជំ នាញច្បាប់របស់ដដែល ។
ឆ្លៀតបង្រៀនក្មេង៖ ពេលជាប់ឈ្មោះជានិស្សិតនៅឡើយ លោក យ័ញ ហុង តែងតែឆ្លៀតពេលទំនេររបស់គេទៅបង្រៀន កូនចៅរបស់អ្នកដែលមានលំនៅឋានក្បែរៗសាកលវិទ្យាល័យដែលគេកំពុងរៀន ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗ ។
ការងារពិតប្រាកដ៖ រៀនចប់បរិញ្ញា បត្រឆ្នាំ ១៩៩៧ លោក យ័ញ ហុង ក៏ប្រឡងជាប់ចូលបម្រើ ការងារជំនាញច្បាប់ក្នុងស្ថាប័នរដ្ឋវៀតណាមមួយដែលមានឈ្មោះថា គណៈកម្មការជនជាតិនិងតំបន់ភ្នំរបស់រដ្ឋាភិបាល (ស្មើនឹងក្រសួងស្រុកខ្មែរ) នៅទីក្រុងព្រែកឫស្សីដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងកឹងធើ ។
ទទួលគម្រោងក្រៅម៉ោង៖ ទន្ទឹមគ្នានេះដែរ ដោយមើលឃើញពីសមត្ថភាពរបស់លោក យ័ញ ហុង ខាងសាកលវិទ្យាល័យក៏បានទាក់ទងគេ ឲ្យធ្វើវចនា នុក្រមវៀតណាម-ខ្មែរ ព្រោះនិស្សិតខ្មែរយើងទៅសិក្សា នៅប្រទេសវៀតណាមមានចំនួនច្រើន ទើបនាំឲ្យក្រសួងអប់រំវៀតណាម គិតគូរក្នុងការរៀបចំឲ្យមានវចនានុក្រម ពហុជាតិសាសន៍ឡើង ។ រហូតមកដល់បច្ចុប្បន្ន វចនានុក្រមដែលក្រុមរបស់លោកដែលមានគ្នាបួននាក់របស់លោក នៅតែក្រសួងអប់រំវៀត ណាមប្រើប្រាស់ ។
វត្តមានលើទឹកដីកម្ពុជា៖ លោកបានទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិត ក្នុងការរើសបុគ្គលិកផ្នែករចនា និងបង្កើតអក្សររបស់មជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀម រាប ។ រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣ ដែលបម្រើការនៅទីនោះលោកស្នាក់នៅផ្ទះជួល ។
ប្ដូរពីសៀមរាបមកភ្នំពេញ៖ រយៈ ពេលធ្វើការនៅសៀមរាប លោកបានស្គាល់ជាមួយបុរស ជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូ ទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅ ឆ្នាំ ២០០៣ តែរហូតដល់ឆ្នាំ ២០០៤ ទើបខាងអង្គការសម្រេចទទួល ហើយក៏បន្តធ្វើការនៅ ទីនោះរហូតដល់បច្ចុប្បន្ន ។
ប្រាំឆ្នាំជាអ្នកសារព័ត៌មាន៖ ចាប់ពីឆ្នាំ ២០០៥-២០១០ លោក យ័ញ ហុងចូលបម្រើការជាអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី (RFA) ភាសាវៀតណាម ។
ប្ដូរការងារ និងទំនួលខុសត្រូវថ្មី៖ មកដល់ខែ មេសា ឆ្នាំ ២០១០ ដោយមើលឃើញពីសក្ដានុពលរបស់លោក ប្រធានគ្រប់គ្រងនៅទីនោះ បានផ្លាស់ប្ដូររូបលោក មកជាអ្នករចនាគេហទំព័រវិទ្យុអាស៊ីសេរីភាសាខ្មែរ វិញ ។
ស្នេហា៖ លោក យ័ញ ហុង ជាប់ចិត្តជំពាក់ស្នេហ៍ដកចិត្តមិនរួច ហើយសម្រេចចិត្តចូលរោងការ ជាមួយនារីខ្មែរនៅខេត្តកណ្ដាល នាឆ្នាំ ២០០៨ ។ បច្ចុប្បន្ននេះ គូស្នេហ៍មួយគូដែលមានទីកំណើតឆ្ងាយ ពីគ្នារាប់សិបគីឡូម៉ែត្រនេះ ទទួលបានកូនស្រីអាយុមួយខួប ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ។
បច្ចុប្បន្ន៖ បច្ចុប្បន្ន លោក យ័ញ ហុង មាននាទីជាអ្នកទទួលបន្ទុកផ្នែក រចនា Interface របស់គេហទំព័រវិទ្យុអាស៊ីសេរីភាសាខ្មែរ ។ ពេលវេលានៅសល់ក្រៅពីបម្រើការ នៃស្ថាប័ននេះ លោកខិតខំស្រាវជ្រាវ ពីប្រព័ន្ធអ៊ីនធើណិតផ្នែករចនាពុម្ពជាហូរហែ ។
អនាគត៖ លោកមានបំណងបង្កើតរបរផ្ទាល់ខ្លួនមួយ ប៉ុន្តែត្រូវចាំមើលលទ្ធភាពប៉ុណ្ណាសិន ប៉ុន្តែសម្រាប់អាជីវកម្មប្រភេទណានោះ លោកសូមលាក់សិន ។ ពេលដែលសួរដល់ចំនួនកូនថា តើទៅថ្ងៃមុខលោកចង់បានប៉ុន្មាននាក់ ? ប្រុសប៉ុន្មាន ? ស្រីប៉ុន្មាន ? លោកឆ្លើយថា មិនថាប្រុស ឬស្រីទេ ចំនួនកូនៗគឺអាស្រ័យលើទ្រព្យ ធន ។
ស្ថាបនិកពុម្ពអក្សរខ្មែរ មានដើមកំណើតជាខ្មែរនៅកម្ពុជាក្រោម រូបនេះ មានជំនឿយ៉ាងមុតមាំថា តទៅថ្ងៃមុខភាសាខ្មែរយើងនឹងមានឈ្មោះ និងប្រើបានយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកជាក់ជាមិនខាន ។ ក្ដីសង្ឃឹមនេះហើយ ទើបជម្រុញឲ្យលោកចំណាយទាំងកម្លាំងកាយកម្លាំងចិត្តសម្រេចមានFont Khmer Unicode ដាក់ឲ្យប្រើប្រាស់រហូតសព្វថ្ងៃ ។ លោកសន្យាជាមួយបងប្អូនខ្មែរថា នឹងបង្កើតអ្វីដែលថ្មីៗ ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសឧបករណ៍អេឡិចត្រូនិក ដូចជា Tablet ទូរស័ព្ទដៃ ឬ ឧបករណ៍ផ្សេងៗទៀតជាដើម ៕
ប្រភព៖ http://www.magazinecambodia.com/index.php?option=com_content&view=article&id=4249:font-khmer-unicode&catid=85:2012-06-12-02-36-28&Itemid=480
0 comments:
Speak up your mind
Tell us what you're thinking... !