អ្នកដែលបង្កើត​ Font Khmer Unicode - wat ketanak
Headlines News :
Home » , » អ្នកដែលបង្កើត​ Font Khmer Unicode

អ្នកដែលបង្កើត​ Font Khmer Unicode

Written By kkaba on Friday 1 February 2013 | 21:12

លោក យ័​ញ ហុង (Danh Hong)
ដោយសារ ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ លោក យ័​ញ ហុង (Danh Hong) (រូបថត​ខាងក្រោម) ស្ម័គ្រចិត្ដ​ចាកចោល​ស្រុកកំណើត​កម្ពុ​ជា​ក្រោម តើ​មិត្ត​យុវវ័យ ដែល​កំពុង​ប្រើប្រាស់ ពុម្ព​យូ​នី​កូដ​ខ្មែរ សព្វថ្ងៃនេះ ធ្លាប់​ឆ្ងល់​ទេ​ថា​តើន​រណា​ជា​អ្នកបង្កើត ? គេ​នោះ​ឈ្មោះ​អ្វី ? មកពីណា? អ្នកបង្កើត Font Khmer Unicode ដាក់​ឲ្យ​យើង​ប្រើប្រាស់​រហូត​សព្វថ្ងៃនេះ​គឺ លោក យ័​ញ ហុង។ លោក យ័​ញ ហុង ស្ថាបនិក និង​ជា​អ្នក​រចនា (Design) ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ ដែល​ប្រវត្តិ​របស់គាត់​ត្រូវបាន​ចុះផ្សាយ នៅក្នុង​ទំព័រ​បណ្ដុំ​ប្រវត្តិ​បច្ចេកវិទ្យា។ ប្រវត្តិ​សង្ខេប៖ លោក យ័​ញ ហុង​កើត​ឆ្នាំ ១៩៧២ នៅក្នុង​គ្រួសារ​កសិករ ខ្មែរក្រោម​មួយ នា​ខេត្ត​ពល​លាវ នៃ​ដែនដី កម្ពុជា​ក្រោម ឬ ខាងត្បូង​ប្រទេស​វៀត ណា​ម សព្វថ្ងៃ ។ សមាជិកគ្រួសារ៖ ចំនួន​សមាជិក​ក្នុង​គ្រួសារ​របស់ លោក យ័​ញ ហុង ទាំងអស់​មាន ៩ នាក់ ។ លោក យ័​ញ ហុង ជា​កូន​ទី ។ រហូតមកដល់​ពេលនេះ ឪពុក​របស់ លោក​មាន​វ័យ ៨២ ឆ្នាំ​ហើយ ហើយ នៅតែ​បន្តរ​បរស្រែ​ចម្ការ​ដដែល ។ ៨ ខែ ម្តាយ​ស្លាប់ចោល៖ ក្រោយពេល លោក យ័​ញ ហុង ចាប់កំណើត​បាន​អាយុ ៨ ខែ ម្ដាយ​ក៏បាន​ស្លាប់ចោល ក្នុងអំឡុង​សង្គ្រាម​អាមេរិក វៀតណាម។ ចាប់ពីពេលនោះ​មក បន្ទុក​ថែទាំ​ទារក ការចិញ្ចឹម​បីបាច់​ថែរក្សា​ទាំងស្រុង ត្រូវ បាន​ធ្លាក់​ទៅ លើ​ឪពុក​របស់គាត់​ជា​អ្នក រ៉ាប់រង។ ប្រវត្តិ​សិក្សា៖ បើទោះបីជា​សង្គ្រាម​រាតត្បាត​យ៉ាងនាក៏ដោយ ក៏​ឪពុក​របស់លោក បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុងការ​បីបាច់​ថែរក្សា​ឲ្យ​កូនប្រុស ដែល​បាត់បង់​ម្ដាយ​ឲ្យ​ធំ​ដឹងក្តី ។ បឋមសិក្សា៖ ឈានចូល​អាយុ​ប្រ ហែល ៨ ឆ្នាំ លោក យ័​ញ ហុង ក៏បាន​ចូលរៀន​ថា្នក់​ទីមួយ ក្នុង​សាលាបឋមសិក្សា បា​ហៀ​ង (Ba Hien) ។ សម្រាប់​ថ្នាក់បឋមសិក្សា នៅ​ប្រទេស​វៀតណាម​គេ​សិក្សា​ត្រឹមតែ ៥ ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្នាក់​ទី ១ ដល់ ថ្នាក់​ទី ៥ ។ ដើរ​រាល់ថ្ងៃ៖ ជា​រៀងរាល់ថ្ងៃ សិស្ស​កម្រិត​បឋមសិក្សា យ័​ញ ហុង ត្រូវចំ ណាយ​ពេលវេលា ដើរទៅ​សាលា​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ ។ ទៅ​រៀន​ផង​ហាត់ប្រាណ​ផង៖ ថ្វីត្បិតតែ​ទៅ​សាលា​ដោយ​ថ្មើរជើង ក៏​លោក យ័​ញ ហុង មិន​អាក់អន់ស្រពន់ចិត្ត​អ្វី​ដែរ ។ មិនតែប៉ុណ្ណោះ​គេ​បែរជា​មានគំនិត​ក្រើន​រំ​ឮ​ក​ខ្លួនឯង យ៉ាង​ដូច្នេះ​ទៅវិញ​ថា បាន​ទៅ​រៀន​ហើយ ឆ្លៀតពេល​ហាត់ប្រាណ​ដើម្បី​សុខភាព​ទៀត។ អនុវិទ្យាល័យ៖ ចប់​ថ្នាក់​ទី ៥កម្រិត​បឋមសិក្សា លោក យ័​ញ ហុង​ចាប់ផ្ដើម​បន្ត​ការសិក្សា កម្រិត​អនុ​វិទ្យា ល័យ​ថ្នាក់​ទី ៦ ។ អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែល​លោក យ័​ញ ហុង បន្ត​ការសិក្សា​នេះ ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ដែល​ស្ថិតនៅ​ស្រុក​មួយ​ផ្សេងទៀត គឺ​ស្រុក​ឡាំង​យឿ (Lang Dua) ។ វិទ្យាល័យ៖ ប្រលង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ ១៩៩១ ។ ក្រោយ​បាក់​ឌុប​កាន់តែ​ឆ្ងាយ៖ ក្រោយពី​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​បាក់​ឌុប​នៅ​ឆ្នាំ ១៩៩១ លោក យ័​ញ ហុង ត្រូវ​ទៅ​បន្ត​ការសិក្សា​កម្រិត​បរិ​ញ្ញា ប​ត្រ​នៅ​សាកលវិទ្យាល័យ​ច្បាប់ នាទី​ក្រុង​ព្រៃនគរ ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា ទីក្រុង​ហូជីមិញ ។ ការចាកចេញ​ពី​ស្រុកកំណើត​មក​បន្ត​កម្រិត​សិក្សា នេះ ដោយសារតែ កាលណោះ​រដ្ឋាភិបាល វៀតណាម ផ្ដល់​អាហារូបករណ៍​មួយឆ្នាំ​សម្រាប់​វគ្គរៀន​ត្រៀមប្រឡង អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជា​បន្ត នៅ​ឆ្នាំ១៩៩២ ។ អ្នកមាន​សមត្ថភាព ឱកាស​នៅតែមាន៖ អាហារូបករណ៍​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​នោះ មិនមែន​តែ​ឆ្នាំ​ត្រៀម​នោះទេ ។ ប្រសិនបើ​សិស្ស ដែលមាន​សមត្ថភាព និង​លទ្ធភាព​ប្រឡង​ជាប់​នោះ នឹង​ទទួលបាន​អាហារូបករណ៍ ពេញ​ប្រាំ​ឆ្នាំ​តែម្ដង (ពីមុន​ថ្នាក់​បរិញ្ញាបត្រ​នៅ​វៀតណាម​រៀន៥ ឆ្នាំ ) ។ ក្នុងនោះដែរ បញ្ជី​ឈ្មោះ​បេក្ខភាព​សិស្ស​ដែល​ប្រលង​ជាប់​ក៏មាន​ឈ្មោះ លោក យ័​ញ ហុង ម្នាក់​ដែរ ។ បរិញ្ញាបត្រ​មិនមែន IT ៖ ពេល​ប្រ ឡង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ លោក យ័​ញ ហុង បាន​ចាប់​ជំនាញ​ច្បាប់ មិនមែន​រៀន​ជំនាញ IT ទេ ។ នេះ​ដោយសារតែ​លោក​ស្រលាញ់ និង​ចង់​ធ្វើការ​ជំនាញ​ច្បាប់ មិនដែល​គិត​ចង់​បម្រើ​ការងារ​ផ្នែក​កុំព្យូទ័រ​ម្ដងណា​ឡើយ ។ សា កល​វិទ្យាល័យ ដែល​លោក​ប្រឡង​ជាប់ និង​ត្រូវ​រៀន​បន្ត​នៅ​ទីក្រុង​ហូជីមិញ នេះ មាន​ឈ្មោះថា សាកលវិទ្យាល័យ​ច្បាប់ ។ ប្រាំមួយ​ឆ្នាំ​ក្នុងការ​ចាប់យក​ជំនាញ គេ​ក៏បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​ឆ្នាំ ១៩៩៧ ។ អាជីព​គ្រាន់តែ​ចាប់អារម្មណ៍ តែ​ស្រលាញ់​ច្បាប់​ដដែល៖ កាលពី​នៅ​ជា​និស្សិត ឆ្នាំ​ទីមួយ​ផ្នែក​ច្បាប់​ឆ្នាំ ១៩៩២ ក្រុមហ៊ុន​វៀតណាម​មួយ​ដែលមាន​ឈ្មោះថា CINOTEC ដែលជា​ក្រុមហ៊ុន​ធ្វ​ពុម្ព (Font) ខ្មែរ យកមក​លក់​ស្រុក ខ្មែរ ។ ចាប់តាំងពី​ពេលនោះ​មក​លោក ក៏​ចាប់អារម្មណ៍ ក្នុងការ​រចនា​ពុម្ព​ដែរ ប៉ុន្តែ​កាលនោះ អត់​ទាន់​ធ្វើ​អ្វី​លេចចេញ​ជា​រូបរាង​នោះទេ គ្រាន់តែ​ព្យាយាម​ស្វែងយល់​បន្ថែម ខណៈ​នៅតែ​ស្រឡាញ់​ជំ នា​ញ​ច្បាប់​របស់​ដដែល ។ ឆ្លៀត​បង្រៀនក្មេង៖ ពេល​ជាប់​ឈ្មោះ​ជា​និស្សិត​នៅឡើយ លោក យ័​ញ ហុង តែងតែ​ឆ្លៀតពេល​ទំនេរ​របស់គេ​ទៅ​បង្រៀន កូនចៅ​របស់​អ្នក​ដែលមាន​លំនៅឋានក្បែរៗសាកលវិទ្យាល័យ​ដែល​គេ​កំពុង​រៀន ដើម្បី​ផ្គត់ផ្គង់​ការចំណាយផ្សេងៗ ។ ការងារ​ពិតប្រាកដ៖ រៀន​ចប់​បរិ​ញ្ញា ប​ត្រ​ឆ្នាំ ១៩៩៧ លោក យ័​ញ ហុង ក៏​ប្រឡង​ជាប់​ចូល​បម្រើ ការងារ​ជំនាញ​ច្បាប់​ក្នុង​ស្ថាប័នរដ្ឋ​វៀតណាម​មួយ​ដែលមាន​ឈ្មោះថា គណៈកម្មការ​ជនជាតិ​និង​តំបន់ភ្នំ​របស់​រដ្ឋាភិបាល (ស្មើនឹង​ក្រសួង​ស្រុក​ខ្មែរ) នៅ​ទីក្រុង​ព្រែក​ឫស្សី​ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា ទីក្រុង​កឹង​ធើ ។ ទទួល​គម្រោង​ក្រៅ​ម៉ោង៖ ទន្ទឹមគ្នា​នេះដែរ ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់លោក យ័​ញ ហុង ខាង​សាកលវិទ្យាល័យ​ក៏បាន​ទាក់ទង​គេ ឲ្យ​ធ្វើ​វចនា នុ​ក្រម​វៀតណាម-ខ្មែរ ព្រោះ​និស្សិត​ខ្មែរ​យើង​ទៅ​សិក្សា នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ច្រើន ទើប​នាំ​ឲ្យ​ក្រសួង​អប់រំ​វៀតណាម គិតគូរ​ក្នុង​ការរៀបចំ​ឲ្យ​មាន​វចនានុក្រម ពហុ​ជាតិ​សាសន៍​ឡើង ។ រហូតមកដល់​បច្ចុប្បន្ន វចនានុក្រម​ដែល​ក្រុម​របស់លោក​ដែលមាន​គ្នា​បួន​នាក់​របស់លោក នៅតែ​ក្រសួង​អប់រំ​វៀត ណា​ម​ប្រើប្រាស់ ។ វត្តមាន​លើទឹក​ដី​កម្ពុជា៖ លោក​បានទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ក្នុងការ​រើស​បុគ្គលិក​ផ្នែក​រចនា និង​បង្កើត​អក្សរ​របស់​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា​របស់​អាមេរិក​ប្រចាំ​នៅ​ខេត្ត​សៀម រាប ។ រយៈពេល​បី​ឆ្នាំ ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៣ ដែល​បម្រើការ​នៅ​ទីនោះ​លោក​ស្នាក់នៅ​ផ្ទះជួល ។ ប្ដូរ​ពី​សៀមរាប​មក​ភ្នំពេញ៖ រយៈ ពេលធ្វើការ​នៅ​សៀមរាប លោក​បាន​ស្គាល់​ជាមួយ​បុរស ជនជាតិ​អេ​ស្ប៉ា​ញ​កម្រិត​អនុបណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​កុំ​ព្យូ ទ័​រ​ម្នាក់ ហើយ​ពួកគេ​ក៏​មូលមតិ​គ្នា​បង្កើត​គម្រោង Khmer OS ស្នើ​ទៅ​អង្គការ Open Forum នៅ ឆ្នាំ ២០០៣ តែ​រហូតដល់​ឆ្នាំ ២០០៤ ទើប​ខាង​អង្គការ​សម្រេច​ទទួល ហើយក៏​បន្ត​ធ្វើការ​នៅ ទីនោះ​រហូតដល់​បច្ចុប្បន្ន ។ ប្រាំ​ឆ្នាំ​ជា​អ្នកសារព័ត៌មាន៖ ចាប់ពី​ឆ្នាំ ២០០៥-២០១០ លោក យ័​ញ ហុង​ចូល​បម្រើការ​ជា​អ្នកយកព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី (RFA) ភាសា​វៀតណាម ។ ប្ដូរ​ការងារ និង​ទំនួល​ខុសត្រូវ​ថ្មី៖ មកដល់​ខែ មេសា ឆ្នាំ ២០១០ ដោយ​មើលឃើញ​ពី​សក្ដានុពល​របស់លោក ប្រធាន​គ្រប់គ្រង​នៅ​ទីនោះ បាន​ផ្លាស់ប្ដូរ​រូបលោក មកជា​អ្នក​រចនា​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ភាសា​ខ្មែរ វិញ ។ ស្នេហា៖ លោក យ័​ញ ហុង ជាប់ចិត្ត​ជំពាក់​ស្នេហ៍​ដកចិត្ត​មិន​រួច ហើយ​សម្រេចចិត្ត​ចូល​រោងការ ជាមួយ​នារី​ខ្មែរ​នៅ​ខេត្តកណ្ដាល នា​ឆ្នាំ ២០០៨ ។ បច្ចុប្បន្ននេះ គូស្នេហ៍​មួយគូ​ដែលមាន​ទី​កំណើត​ឆ្ងាយ ពីគ្នា​រាប់សិប​គីឡូម៉ែត្រ​នេះ ទទួលបាន​កូនស្រី​អាយុ​មួយ​ខួប ម្នាក់​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍ ។ បច្ចុប្បន្ន៖ បច្ចុប្បន្ន លោក យ័​ញ ហុង មាន​នាទី​ជា​អ្នកទទួលបន្ទុក​ផ្នែក រចនា Interface របស់​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ភាសា​ខ្មែរ ។ ពេលវេលា​នៅសល់​ក្រៅពី​បម្រើការ នៃ​ស្ថាប័ន​នេះ លោក​ខិតខំ​ស្រាវជ្រាវ ពី​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ផ្នែក​រចនា​ពុម្ព​ជា​ហូរហែ ។ អនាគត៖ លោក​មានបំណង​បង្កើត​របរ​ផ្ទាល់ខ្លួន​មួយ ប៉ុន្តែ​ត្រូវ​ចាំមើល​លទ្ធភាព​ប៉ុណ្ណា​សិន ប៉ុន្តែ​សម្រាប់​អាជីវកម្ម​ប្រភេទ​ណា​នោះ លោក​សូម​លាក់​សិន ។ ពេលដែល​សួរ​ដល់​ចំនួន​កូន​ថា តើ​ទៅ​ថ្ងៃមុខ​លោក​ចង់បាន​ប៉ុន្មាន​នាក់ ? ប្រុស​ប៉ុន្មាន ? ស្រី​ប៉ុន្មាន ? លោក​ឆ្លើយថា មិន​ថា​ប្រុស ឬ​ស្រី​ទេ ចំនួនកូនៗគឺ​អាស្រ័យ​លើ​ទ្រព្យ ធន ។ ស្ថាបនិក​ពុម្ពអក្សរ​ខ្មែរ មាន​ដើមកំណើត​ជា​ខ្មែរ​នៅ​កម្ពុជា​ក្រោម រូបនេះ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តទៅ​ថ្ងៃមុខ​ភាសា​ខ្មែរ​យើង​នឹងមាន​ឈ្មោះ និង​ប្រើ​បាន​យ៉ាង​ទូលំទូលាយ​នៅ​ជុំវិញ​ពិភពលោក​ជាក់​ជាមិនខាន ។ ក្ដីសង្ឃឹម​នេះហើយ ទើប​ជម្រុញ​ឲ្យ​លោក​ចំណាយ​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​សម្រេច​មាន​Font Khmer Unicode ដាក់​ឲ្យ​ប្រើប្រាស់​រហូត​សព្វថ្ងៃ ។ លោក​សន្យា​ជាមួយ​បងប្អូន​ខ្មែរ​ថា នឹង​បង្កើត​អ្វីដែលថ្មីៗ ដើម្បី​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ ជាពិសេស​ឧបករណ៍​អេឡិចត្រូនិក ដូចជា Tablet ទូរស័ព្ទដៃ ឬ ឧបករណ៍ផ្សេងៗទៀត​ជាដើម ៕ 
ប្រភព៖ http://www.magazinecambodia.com/index.php?option=com_content&view=article&id=4249:font-khmer-unicode&catid=85:2012-06-12-02-36-28&Itemid=480
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc